ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ស្រលាញ់ប៉ះចំបុរសជនជាតិចិនរហូតមានផ្ទៃពោះ៣ខែ ត្រូវសង្សារឲ្យយកកូនចេញ ហើយ…

BY
Khmernote Media
November 14, 2020

ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារខ្មែរណូតដឹងថា មានក្មេងស្រីអាយុទើប១៦ឆ្នាំម្នាក់ ស្រលាញ់ប៉ះចំបុរសជនជាតិចិនរហូតមានផ្ទៃពោះ៣ខែ រងទឹកភ្នែករងដោយសារការវាយដំលើរូបរាងកាយ មួយថ្ងៃៗស្គាល់តែកណ្ដាប់ដៃសង្សារវាយដំ រហូតដល់សន្លប់ស្ដូកស្តឹង ហើយដឹកតាមកង់បីបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនាវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខុនដូប្រេសស៊ីស រ៉ូប៊ី ដែលមានទីតាំងនៅតាមផ្លូវលេខ៣២០ ស្ថិតសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា យុវតីដែលរងគ្រោះខាងលើមានឈ្មោះ លីង យ៉ាង អាយុ១៦ឆ្នាំ កំពុងមានផ្ទៃពោះ៣ខែ មុខរបរលក់ដូរ ស្នាក់នៅក្នុងខុនដូរ ប្រេសស៊ីស រ៉ូប៊ី មានស្រុកកំណើតនៅខេត្តព្រៃវែង។

ប្រភពពីស្រ្តីម្នាក់ដែលត្រូវជាមិត្តភ័ក្រនារីរងគ្រោះបានឲ្យដឹងថា លីង យ៉ាង និងបុរសជនជាតិចិនខាងលើនោះគឺជាសង្សារនឹងគ្នា ស្នាក់នៅក្នុងខុនដូរជាន់ទី៨ ពួកគេទាំង២នាក់ឧស្សាហ៍មានទំនាស់ជាមួយគ្នាណាស់ រហូតដល់បុរសជនជាតិចិននោះប្រើអំពើហិង្សារ ទោះបីជានាងកំពុងមានផ្ទៃពោះ៣ខែទៅហើយ ។ ប្រភពបន្តថា ដោយឡែកមុនពេលមានហេតុការណ៍ខាងលើនេះផ្អើល បុរសជនជាតិចិនដែលត្រូវជាសង្សាររបស់នារីរងគ្រោះ បានបង្ខំអោយនាងយកកូនចេញទៅ តែនាងមិនព្រម ទើបកើតមានជម្លោះរហូតដល់វាយធ្វើបាបនាងបណ្ដាលឲ្យសន្លប់ក្នុងបន្ទប់ទឹក ក្រោយពេលទទួលបានឆាតនាងភ្លាម ខ្លួនក៏មានការសង្ស័យទើបឡើងទៅមើលឃើញដូច្នោះនាំនាងទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់តែម្តង រួចក៏ប្តឹងទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ផងដែរ ។

បើតាមសម្ដីបុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌា ដែលជាអ្នកដឹកយុវតីរងគ្រោះទៅមន្ទីរពេទ្យ បានរៀបរាប់ថា យុវតីរងគ្រោះមានស្ថានភាពរបួសហើមមាត់ និងទ្រុឌទ្រោមយ៉ាងខ្លាំង និងមានធ្លាក់ឈាមថែមទៀតផង គាត់បានជួយដឹកយកទៅមន្ទីរពេទ្យបាយ័ន ដើម្បីអោយក្រុមគ្រូពេទ្យពិនិត្យមើលនិងសម្រាកព្យាបាលសិនហើយ ដោយមានមិត្តភ័ក្តរបស់នាង ជាជួយមើលថែផងដែរ ។

បច្ចុប្បន្នបុរសជនជាតិចិនដែលត្រូវជាសង្សារ គេមិនទាន់ស្គាល់អត្តសញ្ញានោះទេ ខណៈដែលយុវតីរងគ្រោះបានសម្រាកនៅមន្ទីរពេទ្យបាយ័ន ដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាព បន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង កំពុងសហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង ចុះទៅសួរនាំជនរងគ្រោះដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ដើម្បីធ្វើការតាមជំនាញបន្តទៀត៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: