ស្លាបមាន់និងសាច់មាន់ខូចគុណភាពចំនួន២៤៩កេស ស្មើនឹង២,៩៨៨គីឡូក្រាម ត្រូវបានស្នងការខេត្តបាត់ដំបង ដុតបំផ្លាញចោលនៅទី​លានចាក់សំរាមស្រុកសង្កែ
ព័ត៌មានជាតិ November 14, 2020 srey nuch

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងកាលពីម្សិលមិញថា នៅរសៀលថ្ងៃសុក្រ​១៣​រោច​ ខែកត្តិក​ ឆ្នាំជូត​ ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបងបានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញចោល ​នូវស្លាបមាន់​និងសាច់មាន់​ខូចគុណភាព​ចំនួន​ ២៤៩កេស​ ស្មើនឹង ២,៩៨៨ គីឡូក្រាម នៅទីតាំងចាក់សំរាមស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ការដុតបំផ្លាញចោលស្លាបមាន់ និងសាច់មាន់ខូច​គុណភាពនាពេលនេះស្ថិតក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សា​លា​ដំបូងខេត្តបាត់ដំបង​ និងដោយមានការចូ​ល​រួមពីមន្រ្តីនៃមន្ទីរ​អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តបាត់ដំបង។ សូមជម្រាបជូនថា​ ស្លាបមាន់និងសាច់មាន់ខូច​គុណភាពដែលត្រូវបានដុតបំផ្លាញចោលនា​ពេលនេះ​ ត្រូវបានឈ្មួញដឹកឆ្លងកាត់ក្នុងភូមិសាស្រ្ត​ខេត្តបាត់ដំបង​ ហេីយត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការបង្រ្កាបបាន ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង