គិតត្រឹមថ្ងៃនេះ ចំនួនតេស្តសរុបដែលបានធ្វើវិភាគ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ៣៧៦២ វត្ថុសំណាកហើយ
នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយនោះទេ។ ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ១៣០០សំណាក ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានពិនិត្យធ្វើតេស្តចំនួន ១១៨៥ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។

ចំណែកវត្ថុសំណាកវិភាគចំនួន ១០៥ ដែលនៅសល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តពិនិត្យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្តទៀត។ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ៣៧៦២ វត្ថុសំណាក (ក្នុងចំនួននេះមានអ្នកធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក)។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖
