លេងបៀរផង លេងខ្លាឃ្លោកផង ហើយចាក់ធុងបាស់ច្រៀងរាល់ថ្ងៃទៀត ត្រូវស្នងការខេត្តកណ្តាលចុះបង្ក្រាបឃើញសុទ្ធតែចាស់ៗកំពុងអង្គុយលេង
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋ មិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ និងសំណូមពរ ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានខ្លឹមសារថា ÷ “សូមគោរពលោកស្នងការសូមលោកជួយមើលមានករណីល្បែងស៊ីសងបៀរនិងខ្លាឃ្លោកលេងរាល់ថ្ងៃចាប់ពីម៉ោង 3:00 រហូតដល់យប់ជ្រៅរំខានដល់អ្នកជិតខាងនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ នៅក្រោយសាលាបឋមសិក្សាព្រែកសំរោង ខ្ញុំសូមអរគុណ សូមលោកជួយមើលផង”។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោស្នងការ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនដំណឹងនេះដល់លោកអធិការនគរបាលក្រុងតាខ្មៅស្រាវជ្រាវនិងអនុវត្តជំនាញ ។ បន្ទាប់មកលោកអធិការបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅចុះស៊ើបអង្កតទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍។ ជាលទ្ធផល៖ នៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២០ វេលាម៉ោង១៥និង១១នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះបង្រ្កាបទីតាំងខាងលើពិតជាមានលេងល្បែងសុីសងបៀរ ខ្លាឃ្លោក និងចាក់ធុងបាស់ច្រៀងប្រាកដមែន។ ដោយពិនិត្យឃើញថាករណីនេះតូចតាចកម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាម្ចាស់ផ្ទះឈ្មោះ ព្រុំ វណ្ណៈ ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវតែបញ្ឈប់ការផ្តល់ទីតាំង និងប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីពេលនេះតទៅ ជាលើកទី១ ប្រសិនបើថ្ងៃក្រោយមិនរៀងចាលទៀតនិងចំណាត់ការទៅតាមនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការផ្ដល់ព័ត៌មានក្នុងន័យធ្វើឱ្យមូលដ្ឋានមានសណ្ដាប់ធ្នាប់ និងសន្តិសុខល្អ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសបុកមេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល