អាងផ្លូវស្ងាត់ កូរ៉ូឡាបត់ត្រលប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្ត RANGE ROVER បោះពួយលឿនដូចហោះទៅបុកបាក់កាឡេកង់ ខ្ទេចទាំងពីរគ្រឿង នៅក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ រថយន្តកូរ៉ូឡាមួយគ្រឿង បើកបត់ឆ្វេងត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវបុរសម្នាក់បើករថយន្ត Range Rover ស៊េរីទំនើប ក្នុងល្បឿនលឿន បើកទៅបុកចំចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបោកផ្ទប់ខឿនសួនច្បារពុះចែកផ្លូវ និងបង្គោលស្លាកសញ្ញា ខូចខាតរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ចំណែកឯរថយន្តកូរ៉ូឡាបាក់កាឡេកង់មុខនិងខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវក្រវាត់ក្រុងទី២ (ហៅផ្លូវ៥០ម៉ែត្រ) ជិតស្តុបព្រែកហូរ ក្នុងភូមិតាក្ដុលខាងត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ ដើរចេញពីហាងមួយកន្លែង រួចឡើងបើករថយន្ដមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ឆ-8233 ភព២ ថយចុះពីលើចិញ្ចើមផ្លូវមកលើផ្លូវទិសដៅពីលិចទៅជើង រួចស៊ីញ៉ូឆ្វេងហើយបើកឆ្លងចេញមកកាត់ទទឹងផ្លូវ៥០ម៉ែត្រ បំណងបត់ត្រលប់ក្រោយ បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-8153 បើកបរដោយបុរសម្នាក់ បើកស្របទិសតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តកូរ៉ូឡាពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្ត Range Rover ខ្ទាតបោកនិងខឿនសួនច្បារពុះចែកផ្លូវ និងបង្គោលស្លាកសញ្ញាប្រាប់ទិសផ្លូវ រងការខូចខាតរថយន្តខ្ទេចផ្នែកខាងមុខធ្លាក់កាង និងបាក់កាឡេកង់មុខខាងស្ដាំ និងកង់ក្រោយខាងឆ្វេងយ៉ាងដំណំ ចំណែកឯរថយន្តកូរ៉ូឡាបាក់កាឡេកង់មុខនិងខូចខាតយ៉ាងដំណំ និងមិនបណ្ដាលឲ្យអ្នកបើកបររថយន្តទាំងពីរគ្រឿងរងរបួសនោះទេ គ្រាន់តែភាគីទាំងសងខាងចុះមកប្រកែកគ្នាយកត្រូវរៀងខ្លួន បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលតាក្ដុល ចុះមួយជួយសម្រួលចរាចរណ៍ និងរាយការណ៍ប្រាប់ជំនាញចុះមកពិនិត្យមើលផងដែរ ។
ប្រជាពលរដ្ឋនៅទីនោះក៏បាននិយាយថា សំណាងហើយដែលមិនបង្ករងគ្រោះដល់អ្នកដទៃ បើស៊ីញ៉ូភ្លាមបត់ភ្លាមដូច្នេះ បើសិនជាខ្ទាតទៅប៉ះម៉ូតូកំពុងធ្វើដំណើរក្បែរនោះវិញ មិនដឹងជាគ្រោះថ្នាក់យ៉ាងណានោះទេ ដោយសារតែអាងតែពេលយប់ស្ងាត់ បើកបរធ្វេសប្រហែស ក្នុងពេលបត់ត្រលប់ក្រោយបែបនេះ មួយវិញទៀត អ្នកបើកបររថយន្តស៊េរីទំនើប បើកបោះពួយលឿនដូចហោះ លុះមានឧបសគ្គនៅខាងមុខ ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពេញទំហឹងតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះទៅពិនិត្យមើល និងធ្វើការផ្លុំអាកុលអ្នកបើកបររថយន្តទាំងពីរគ្រឿងផងដែរ ដោយពិនិត្យរកឃើញ អ្នកបើកបររថយន្ត Range Rover បើកបរក្នុងស្ថានភាពស្រវឹង មានអត្រាជាតិកុល ០,៧៦mg/l និងអ្នកបើកបររថយន្តកូរ៉ូឡា ពុំមានជាតិអាកុលទេ គឺ០,០០mg/l ហើយបានបាញ់គំនូសវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។
អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ដោយ៖ បងម៉េង ខ្មែរណូត