ចិនមួយក្រុមបើករថយន្តស៊េរីទំនើប BMW តម្លៃរាប់សែនដុល្លារ ពាក់ស្លាកលេខពិសេស កម្ពុជា ទៅបុករបាំងថ្មពុះចែកផ្លូវ នៅមុខក្រសួងមហាផ្ទៃ ខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសជនជាតិចិនមួយក្រុម បើករថយន្តBMW ក្នុងល្បឿនលឿន រេចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបាក់កាឡេកង់មុខខាងស្ដាំបើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវព្រះនរោត្តម ត្រង់ចំណុចទល់មុខក្រសួងមហាផ្ទៃ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW ពាក់ស្លាកលេខកម្ពុជា X.F.8838 ពណ៌ខ្មៅ បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើដំណើរតាមផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មុខក្រសួងមហាផ្ទៃ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតអស់ជាច្រើនផ្ទាំង ចំណែកឯរថយន្តខ្ទាតមកគន្លងផ្លូវម្ខាងទៀតអែបរបាំងថ្ម បាក់កាឡេកង់មុខ បើកទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរដែលឆ្លងកាត់កន្លែងកើតហេតុ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ទន្លេបាសាក់ ចុះមកជួយអន្តរាគមន៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកវាស់វែង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយជំនាញផ្នែកវាស់វែងចរាចរណ៍ ចុះមកវាស់វែង និងស្ទួចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត