ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ទីក្រុងតូក្យូនឹងបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ស្ថានភាពជំងឺកូវីដ១៩ ដល់កម្រិតទី៤ ដែលជាកម្រិតខ្ពស់បំផុត

    BY autoadmin November 18, 2020
    ទីក្រុងតូក្យូនឹងបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ស្ថានភាពជំងឺកូវីដ១៩ ដល់កម្រិតទី៤ ដែលជាកម្រិតខ្ពស់បំផុត

    យោងតាមសារព័ត៌មានប្រចាំថ្ងៃ Nikkei នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានរាយការណ៍ថា ទីក្រុងតូក្យូកំពុងត្រៀមបង្កើនកម្រិតប្រកាសអាសន្នលើជំងឺ COVID-19 របស់ខ្លួនដល់កម្រិតខ្ពស់បំផុតទី៤ ខណៈចំនួនករណីវិជ្ជមាននៅក្នុងរាជធានីបានកើនឡើងជាបន្ដបន្ទាប់។ ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះជាច្រើនបាននិយាយថា ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ការរាលត្បាតជំងឺ រដ្ឋាភិបាលក្រុងកំពុងពិចារណាស្នើសុំឱ្យអាជីវកម្មមួយចំនួន ឱ្យកាត់បន្ថយពេលវេលាធ្វើការរបស់ពួកគេម្តងទៀត។ សេចក្តីប្រកាសនឹងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែអាជ្ញាធរក្រុងតូក្យូមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

    ទីក្រុងតូក្យូធ្លាប់បានបន្ទាបកម្រិតប្រកាសអាសន្នដល់កម្រិតទី២ នៅថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីចំនួននៃការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះពីកម្រិតកំពូលនៃករណីឆ្លងចំនួន ៤០០ករណី កាលពីនៅរដូវក្តៅកន្លងទៅ។ ទោះយ៉ាងណាចាប់តាំងពីដើមខែនេះ ការឆ្លងមេរោគប្រចាំថ្ងៃបានកើនឡើងខ្ពស់ ដែលឈានដល់កម្រិតអាសន្នទី៣ ជាមួយនឹងករណីចំនួន ៣៩៣ ត្រូវបានរាកការណ៍កាលពីសប្តាហ៍មុន។ ទោះយ៉ាងណាជប៉ុននៅមានការឆ្លង និងការស្លាប់តិចជាងនៅក្នុងបណ្តាប្រទេសលោកខាងលិច ដោយមានករណីវិជ្ជមានប្រហែល ១២១ ០០០ ករណី និងមានអ្នកស្លាប់ ១,៩២០នាក់ គិតមកទល់ពេលនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: