អាជ្ញាធរខេត្តសៀមរាប ចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទីត ដោយសារមិនគោរពតាមគោលការណ៍របស់អាជ្ញាធរ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្ត ដោយបានសម្រេចបិទទីតាំងកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទីត។

១. ទីតាំងស្កាយបារ ដឺ វ័ន បាយធី (The One by T)
២. ថេមផលក្លឹប (Temple Club)
ជាបណ្តោះអាសន្ន ដោយសារតែម្ចាស់អាជីវកម្មទាំងពីរនេះ មិនបានចូលរួមអនុវត្តវិធានសុវត្តិភាពទេសចរណ៍ ក្នុងស្ថានភាពដំណាក់កាលកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការណែនាំរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប ដូច្នេះគិតមកទល់ពេលនេះ ក្លឹបកម្សាន្តមនុស្សពេញវ័យទាំងអស់នៅក្នុងក្រុងសៀមរាប ត្រូវបានបិទអស់ហើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩រីករាលដាលជាសកល បន្ទាប់ពីមានព្រឹត្តិការណ៍ ៣ វិច្ឆិកា ៕



ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប