សាលារៀននឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ១៨ទាំងអស់ សម្រាប់ការធ្វើតេស្តលើទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា នេះ សម្តេចតេជោក៏បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការសាលារៀនឡើងវិញ ដើម្បីសិស្សានុសិស្សបានចូលសិក្សាវិញ។ យោងតាមសារជាសំលេងរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា “នៅទីក្រុងភ្នំពេញ សាលារៀននៅត្រូវបើកដំណើរវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ តាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយសម្តេចក៏បានប្រាប់ទៅឯកឧត្តម ហង់ ជួនណារ៉ុន សូមឲ្យបានបើកស្តាតអូឡាំពិកផងដែរ”៕
