រថយន្ត VIP ១៤កៅអី ក្រុមហ៊ុនកាពីតូល បើកលឿនពេក ជ្រុលបុកកន្ទុយរថយន្តស្ទូច កំពុងបត់ស្ដាំពេញទំហឹង បណ្ដាលកៀបជាប់តៃកុង និងភ្ញៀវសរុប៤នាក់ រងរបួសធ្ងន់ស្រាល នៅខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរ ប្រភេទVIP ១៤កៅអី របស់ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរ បានបើកបោះពួយយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំកន្ទុយរថយន្តស្ទូចធុនធំ កំពុងបត់ស្ដាំពេញទំហឹង បណ្ដាលឱ្យរួញកៀបតៃកុងនិងភ្ញៀវ សរុប៤នាក់ រងរបួសធ្ងន់និងស្រាល បង្កការភ្ញាក់ផ្អើលឡើងដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយគាស់យកចេញមកទំរាំបាន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃពុធ ទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវជាតិលេខ៦A ចំណុចបុរីបេងហួត (ជិតស្ពានទី១) ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្តខាងលើមានម៉ាកស្តារិច (Hyandai Starex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-0590 របស់ក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរ (ប្រភេទVIP ១៤កៅអី) ទៅបុករថយន្ត ប្រភេទស្ទូច មិនមានស្លាកលេខ មានតែលេខរៀងG20 ។
សាក្សីឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គេឃើញ រថយន្តដឹកអ្នកដំណើរប្រភេទ VIP ១៤កៅអី របស់ក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរ បានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកកន្ទុយរថយន្តស្ទូចធុនធំ ដែលកំពុងបើកស្របទិសគ្នា បត់ស្ដាំចូលបុរីប៉េងហួតចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរួញកៀបជាប់បុរសម្នាក់ជាតៃកុងរថយន្តដឹកអ្នកដំណើរ និងភ្ញៀវចំនួន៣នាក់ទៀតរងរបួសធ្ងន់និងស្រាល បង្កការភ្ញាក់ផ្អើលឡើងដល់កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ក៏ដូចជាប្រជាពលរដ្ឋនាំគ្នាជួយគាស់ចេញពីរថយន្ត រួចបញ្ជូនតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនចំនួនពីរគ្រឿង បញ្ជូនទៅសង្រ្គោះជីវិតភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត