យប់ស្ងាត់ផ្លូវទូលាយទៀត ក្មេងស្ទាវមួយក្រុមបបួលគ្នាបង្ហោះម៉ូតូប្រសេចប្រសាចពេញផ្លូវ៦០ម៉ែត្រ មិនដឹងថាមានកម្លាំងសមត្ថកិច្ចកំពុងល្បាតពីក្រោយ ត្រូវសមត្ថកិច្ចប្រដេញតាមឃាត់បាន៧នាក់
រាជធានីភ្នំពេញ ៖ យប់ស្ងាត់ផ្លូវធំទូលាយទៀត ក្មេងស្ទាវមួយក្រុម មកពីក្រុងតាខ្មៅ បបួលគ្នាមកបង្ហោះម៉ូតូប្រសេចប្រសាចពេញផ្លូវ៦០ម៉ែត្រ ចៃដន្យជួបកម្លាំងអន្តរាគមន៍ពិសេសរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កំពុងល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រដេញតាមឃាត់បាន៧នាក់ និងឃាត់បានម៉ូតូ០៣គ្រឿង រួចនាំមកសាកសួរភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ ទល់មុខការដ្ឋានអាគារខ្ពស់ក្រុមហ៊ុនចិន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេសខណ្ឌមានជ័យ បានប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូខាងលើនេះ គឺដោយមានបទបញ្ជារបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យនោះ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយរូបលោកដែលជាប្រធានក្រុមផ្ទាល់ បានចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម មានគ្នាច្រើនម៉ូតូកំពុងបង្ហោះម៉ូតូតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ដោយមិនដឹងថាមានកម្លាំងសមត្ថកិច្ចកំពុងល្បាតពីក្រោយឡើយ ស្រាប់តែពួកគេបាននាំគ្នា បង្ហោះម៉ូតូតាមផ្លូវស្រែកហ៊ោកញ្ជ្រៀវ ប្រសេចប្រសាចពេញផ្លូវ ម្ដងហើយម្ដងទៀត ទើបកម្លាំងចេញប្រដេញតាមក្រុមយុវជនទាំងនោះ រហូតដល់ចំណុចឃាត់ខ្លួនខាងលើ ដោយធ្វើការឃាត់បានចំនួន៣គ្រឿង និងមនុស្ស៧នាក់ រួចធ្វើការឆែកខ្លួនប្រាណ តែមិនឃើញមានអ្វីឡើយ ហើយក៏នាំមកអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ។
ក្រុមយុវជនទំនើងដែលសមត្ថកិច្ចឃាត់ខ្លួន បានឆ្លើយប្រាប់ថា ពួកគេរស់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដំបូងឡើយពួកគេគ្រាន់តែបបួលគ្នាមករៀនបង្ហោះប៉ុណ្ណោះ និងបានបង្ហោះលេងតែ២-៣ដង ដោយមិនដឹងថាមានសមត្ថកិច្ចតាមពួកគេឡើយ ស្រាប់តែសមត្ថកិច្ចម៉ូតូប្រដេញ បានមកស្ទាក់ឃាត់ពួកគេបានតែម្ដង និងបក្ខពួកផ្សេងទៀតគេចខ្លួនបាត់ស្រមោលអស់ទៅ ។
បច្ចុប្បន្នក្មេងទំនើង៧នាក់ខាងលើ ពួកគេមានអាយុត្រឹមតែ១៤,១៥ និង១៦ឆ្នាំប៉ុណ្ណោះ ទើបសមត្ថកិច្ចសម្រេចធ្វើការអប់រំណែនាំ ហើយបានអោយអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកពួកគេត្រលប់ទៅផ្ទះវិញ ដើម្បីអប់រំណែនាំបន្ត កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ។ ចំណែកម៉ូតូ ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួនពីរទៅបីថ្ងៃសិន ទើបអោយម្ចាស់យកឯកសារមកបញ្ជាក់ផ្ទៀងផ្ទាត់ ទើបប្រគល់ជូនវិញផងដែរ៕



ដោយ៖ បងម៉េង ខ្មែរណូត