ដោយសារចិត្តលោភលន់ ចាញ់បោកគេអស់ជិត១០លានរៀល បែរជាបង្ហោះតាមហ្វេសប៊ុកថា ត្រូវគេដាក់ថ្នាំសណ្តំដោះយកទ្រព្យសម្បត្តិទៅវិញ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២០នេះមានការភ្ញាក់ផ្អើលមួយបន្ទាប់ពីស្រ្តីម្នាក់ឈ្មោះ (ស.ន) អាយុ៣០ឆ្នាំ រស់នៅស្រុកសំពៅលូនបានទៅដាក់ពាក្យបណ្តឹងពីករណី ដែលមានក្រុមជនសង័្សយនាំទៅចែកមាស ចែកប្រាក់ ដែលគេរើស បានហើយនៅទីបំផុតខ្លួនគាត់ទទួលបាន(សំណសុទ្ធ) មួយកូនថង់ នៅចំណុចផ្សារដើមអំពិល ក្នុងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង។

បន្ទាប់ពីបញ្ហានេះកើតឡើងភ្លាមៗ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការផ្ស្វព្វផ្សាយ ចែករំលែកយ៉ាងសកម្មអំពីរឿងនេះដោយថា ជាករណីជនសង័្សយដាក់ថ្នាំសណ្តំ ដោះយកទ្រព្យសម្បត្តិពីជនរងគ្រោះទៅវិញ ។ ការផ្សព្វផ្សាយព័ត៌មានដែលខ្វះហេតុផលគ្រប់គ្រាន់ ជាហេតុនាំបង្កទៅជាបាតុភាព (បង្កការភ័យខ្លាចនិងបង្កើតឱ្យមានភាពអាប់អួរ)នៅក្នុងបរិយាកាសសង្គមទីវិញ។
ដោយពិនិត្យឃើញស្ថានភាពបែបនេះអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំធ្វើការស្រាវជ្រាវលើករណីនេះជាបន្ទាន់ ហើយទីបំផុតទៅទើបដឹងច្បាស់ថា ការពិតជារឿងក្រុមជនសង័្សយដើរតួជាអ្នករើសបានកាបូបមាសប្រាក់ ហើយបានឱ្យជនរងគ្រោះឃើញ រួចឈានទៅដល់ការកំណត់បែងចែកគ្នានៅទីកំបាំងពីបក្សពួកគេដែលដើរតួជាម្ចាស់កាបូបប្រាក់នោះ។ អ្វីដែលត្រូវបានមកជាចំណែករបស់ជនរងគ្រោះគឺ ជាគ្រាប់(សំណសុទ្ធ) ដែលគេច្រកក្នុងថង់ក្រណាត់ព៌ណក្រហម បន្លំថាជាគ្រឿងខ្សែក រីឯចំណែកដែលក្រុមជនសង័្សយទទួលបានពីជនរងគ្រោះគឺ មានខ្សែក ខ្សែដៃ ចិញ្ចៀន កងដៃ ប្រាក់បាត ប្រាក់រៀលនិងទួរស័ព្ទដៃផង សរុបប្រមាណ៨,១០០,០០០រៀល (ប្រាំបីលាននិងមួយសែនរៀល) រួចគេចខ្លួនបាត់ ។
លោកអធិការស្រុកសំពៅលូន បានបញ្ជាក់ថា ករណីនេះមិនមែនជាកណី(ដាក់ថ្នាំសណ្តំអ្វីនោះទេ)ហើយករណីនេះក៏មិនមែនជាករណីថ្មីអ្វីដែរ តែជាករណីចាស់ធ្លាប់កើតមានយូរហើយ តែយូរៗមានម្តងនៅពេលណាមួយដែលជនរងគ្រោះមានចេតនាចង់បានចំណែកពីល្បិចកលរបស់ក្រុមជនសង័្សយទាំងនេះ។ លោកអធិការសូមធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានសូមកុំឱ្យចាញ់បោកល្បិចកលបែបនេះទៀត ។
ទោះជាយ៉ាងនេះក្តីមុខសញ្ញាក្រុមជនសង័្សយដែលធ្វើសកម្មភាពខាងលើមានភិនភាគអាចកត់សម្គាល់បានខ្លះហើយ ដែលបញ្ហានេះសមត្ថកិច្ចលោកនឹងចាត់វិធានការស្រាវជ្រាវតាមនីតិវិធីបន្ត៕ (រូបភាពនគរបាលស្រុកសំពៅលូន)

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង