ជើងហោះហើររាប់រយរបស់ព្រលានយន្តហោះនៅសៀងហៃត្រូវបានលុបចោល ចំពេលទីក្រុងកំពុងព្យាយាមគ្រប់គ្រងការផ្ទុះឡើងនៃករណីជំងឺកូវីដ១៩
ជើងហោះហើររាប់រយនៅព្រលានយន្តហោះមួយ ក្នុងចំណោមអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសចិន ត្រូវបានលុបចោលនៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីឱ្យការឆ្លងជំងឺ COVID-19 នៅក្នុងតំបន់ស្ថិតនៅក្រោមការគ្រប់គ្រង។ មន្ត្រីសុខាភិបាលក៏បានធ្វើតេស្តបុគ្គលិករាប់ពាន់នាក់នៅព្រលានយន្តហោះអន្តរជាតិ Pudong ចាប់តាំងពីមានករណីផ្ទុះឡើងករណីមួយក្ដាប់តូចនៃជំងឺ COVID-19 នៅក្នុងទីក្រុង ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដឹកទំនិញជាច្រើន។

ប្រទេសចិនដែលជំងឺ COVID-19 បានលេចចេញឡើងដំបូងនៅចុងឆ្នាំ២០១៩ បានធ្វើឱ្យការរាតត្បាតស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ តាមរយៈការរឹតត្បិតការធ្វើដំណើរ និងការបិទទ្វារ ប៉ុន្តែឥឡូវនេះវាកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងករណីក្នុងស្រុកមួយចំនួននៅក្នុងទីក្រុងផ្សេងៗគ្នា។ ទីក្រុងសៀងហៃបានរាយការណ៍ពីការឆ្លងមេរោគក្នុងស្រុកចំនួន ៧ ដែលជាប់ទាក់ទងនឹងអាកាសយានដ្ឋានក្នុងខែនេះ ដោយករណីភាគច្រើនត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ការផ្ទុះឡើងនេះតម្រូវឱ្យកម្មករដែលមានហានិភ័យខ្ពស់នៅព្រលាន ទទួលយកការចាក់វ៉ាក់សាំងពិសោធន៍មួយ ដែលប្រទេសចិនបានផ្តល់ដល់និយោជិករដ្ឋ និស្សិតអន្តរជាតិ និងកម្មករចាំបាច់ ដែលធ្វើដំណើរទៅបរទេសចាប់តាំងពីខែកក្កដា។ នៅថ្ងៃអង្គារតួលេខពីក្រុមហ៊ុនសេវាកម្មទិន្នន័យ VariFlight បានបង្ហាញថា ជើងហោះហើរជាង ៥០០ ចេញពីព្រលានយន្តហោះ Pudong ត្រូវបានផ្អាក ដែលជិតពាក់កណ្តាលនៃជើងហោះហើរដែលបានគ្រោងទុកក្នុងមួយថ្ងៃ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍