កូវីដ-១៩

ម្សិលមិញ ថៃរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០២ករណី ក្នុងនោះមាន០១ករណីជាទារកទើបមានអាយុ ៥ ខែ

BY
autoadmin
November 25, 2020

ថៃ៖ សារព័ត៌មាន Bangkokpost បានរាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញនេះ ថៃបានរកឃើញអ្នកវិជ្ជមានកូវីដ ១៩​ ថ្មីចំនួន ២ ករណីបន្ថែមទៀតក្នុងនោះមាន ១ ករណីបានកើតឡើងចំពោះទារិកាដែលទើបនឹងមានអាយុ ៥ ខែប៉ុណ្ណោះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា ទារិកាដែលមានវិជ្ជមានកូវីដ១៩នេះគឺជាជនជាតិឥណ្ឌា ដែលបានធ្វើដំណើរតាមយន្តហោះមកដល់ប្រទេសថៃកាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ ហើយការធ្វើតេស្តវិជ្ជរកឃើញមេរោគត្រូវបានធ្វើឡើងក្រោយពេលទារកមានអាការៈក្តៅខ្លួននិងក្អួតរយៈពេល ៥ ថ្ងៃ។ បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ រួច ទារិការូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Queen Sirikit National Institute of Child Health នៅក្នុងទីក្រុងបាងកក ដែលជាពេទ្យឯកទេសសម្រាប់ក្មេងតូច។

ដោយឡែកអ្នកវិជ្ជមានមួយរូបទៀតគឺជាបុរសអ្នកជំនួញជនជាតិប៉ាគីស្ថានមានអាយុ ៣១ ឆ្នាំ​ ដែលបានធ្វើដំណើរមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម និងបានមកដល់ប្រទេសថៃកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា។ បុរសប៉ាគីស្ថានរូបនេះគ្មានចេញរោគសញ្ញាអ្វីទាល់តែសោះ តែគាត់ត្រូវបានរកឃើញជំងឺកូវីដ ១៩ បន្ទាប់ពីបានធ្វើចត្តាឡីស័កអស់រយៈពេល ៥ ថ្ងៃ។ យ៉ាងណាក្តី ថៃពុំមានករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នោះទេក្នុងរយៈពេលប៉ុន្មានសប្តា៍ចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា គិតមកមកទល់នឹងពេលនេះថៃមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣ ៩២៦ ករណី ស្លាប់ចំនួន ៦០ ករណី និងព្យាបាលជាសះស្បើយចំនួន ៣ ៧៨០ ករណីផងដែរ៕

រូបតំណាង

អត្ថបទ៖ ភក្តី

ប្រភព៖ Bangkokpost

Share This Post: