កូរ៉េខាងត្បូងកំពុងព្រមានអំពីការខ្វះខាតគ្រែក្នុងមន្ទីរពេទ្យ ខណៈរកឃើញករណីថ្មីជាង ៥០០ករណី ២ថ្ងៃជាប់ៗគ្នាមកហើយ
កូរ៉េខាងត្បូងបានរាយការណ៍ថា ខ្លួនបានបញ្ជាក់ករណីជំងឺ COVID-19 ច្រើនជាង ៥០០ករណី ២ថ្ងៃជាប់ៗគ្នាមកហើយ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលអាចនិយាយបានថា ជាកម្រិតខ្ពស់មួយក្នុងរយៈពេល ៩ខែ កន្លងមកនេះ។ ប្រទេសនេះកំពុងប្រឈមនឹងរលកនៃការឆ្លងរាលដាលលើកទី៣ នៅទូទាំងប្រទេស ដែលធ្វើឱ្យអាជ្ញាធរប្រញាប់ប្រញាល់ផ្ដល់គ្រែទៅមន្ទីរពេទ្យបន្ថែមទៀត។ លោក Chung Sye-kyun នាយករដ្ឋមន្រ្តីបានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតថា៖«ស្ថានការណ៍នេះធ្ងន់ធ្ងរ និងធ្ងន់ធ្ងរបំផុត ព្រោះទីក្រុងនិងខេត្តទាំង ១៧ និងជាពិសេសសង្កាត់ទាំង ២៥ ក្នុងទីក្រុងសេអ៊ូល កំពុងរាយការណ៍ពីករណីថ្មីៗ»។

ករណីនៅថ្ងៃសុក្រមានចំនួន ៥៦៩ ដែលត្រូវបានកត់ត្រា ពោលគឺបន្ទាប់ពីខ្លួនបានកត់ត្រាករណីនៅថ្ងៃព្រហស្បតិ៍ចំនួន ៥៨៣នាក់ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៦ ខែមីនា នៅពេលដែលកូរ៉េខាងត្បូងកំពុងតែរីករាលដាលយ៉ាងខ្លាំងពីការផ្ទុះជំងឺ COVID-19 ដំបូងគេនៅក្រៅប្រទេសចិន។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េបានឱ្យដឹងថា ក្នុងចំណោមករណីចុងក្រោយបង្អស់មាន ៥២៥ នាក់ ជាការចម្លងក្នុងប្រទេស ហើយជាង ៦៤% នៃអ្នកទាំងនោះមកពីតំបន់ទីក្រុងសេអ៊ូល។
អាជ្ញាធរបាននិយាយថា រលកថ្មីមានការពិបាកក្នុងការតាមដាន និងទប់ទល់ ជាងការផ្ទុះឡើងដំបូងៗ ដែលត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ជាក់លាក់មួយ ឬក្នុងចំណោមក្រុមសាសនាជាក់លាក់ណាមួយ។ ដោយមានការព្រួយបារម្ភពីការរីករាលដាលពាសពេញប្រទេស និងការកើនឡើងនូវចំនួនករណីដែលពាក់ព័ន្ធនឹងអ្នកជំងឺវ័យក្មេង លោក Chung Sye-kyun បានព្រមានថា ការឆ្លងមេរោគប្រចាំថ្ងៃអាចហក់ដល់ ១ ០០០ នាក់ ហើយអាចនឹងមានការខ្វះខាតគ្រែនៅមន្ទីរពេទ្យ លុះត្រាតែការឆ្លងរាលដាលត្រូវបានគ្រប់គ្រង។ គួរឱ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៣២ ៨៨៧ នាក់ និងអ្នកស្លាប់ចំនួន ៥១៦នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ