ដំរីខាវ៉ាន់ដែលទើបមកដល់កម្ពុជា នឹងត្រូវដាក់ឱ្យបង្កាត់ពូជជាមួយដំរីញីចំនួន៣ក្បាល នៅខេត្តឧត្តរមានជ័យ ដែលមានឈ្មោះ អរុណរះ, ស្រីផ្លក់ និងស្រីអៀន
សត្វដំរីឈ្មោល អាយុ៣៥ឆ្នាំមួយក្បាល ឈ្មោះថា ខាវ៉ាន់(Kaavan) ដែលបញ្ជូនមកពីប្រទេសប៉ាគីស្ថាន សម្រាប់ ជាអំណោយដល់កម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា នឹងត្រូវដាក់ឱ្យបង្កាត់ពូជជាមួយដំរីញីចំនួន៣ក្បាល នៅដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១ ខែធ្នូនេះ បានបញ្ជាក់ថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះនឹងត្រូវយកទៅចិញ្ចឹមក្នុងដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុកចំនួន៣ក្បាល គោលបំណង បង្កើនប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ចៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិនៅកម្ពុជា។
បើតាមការឱ្យដឹងពីមន្ត្រីអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានបញ្ជាក់ថា នៅទីនោះមានសត្វដំរីញី ចំនួន៣ក្បាល ដោយមួយមានឈ្មោះអរុណរះ អាយុ៦០ឆ្នាំ, មួយឈ្មោះស្រីផ្លក់មានអាយុ៣៦ឆ្នាំ និងមួយទៀត មានឈ្មោះស្រីអៀន មានអាយុ២៧ឆ្នាំ។ បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំនេះ មានសុខភាពល្អ ព្រមទាំងងាយស៊ាំ និងបានបង្ហាញពីអារម្មណ៍រីករាយ និងទំនាក់ទំនងល្អជាមួយដំរី ញីនៅទីនោះ។ ដំរីខាវ៉ាន់ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាការកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុង ព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន