គិតត្រឹមថ្ងៃទី០២ ខែធ្នូ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់ ៨,៧៦៦នាក់
នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ១៩) និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ (ត្រូវជាប្អូនស្រីស្ត្រីខាងលើ) ជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។

ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១,០៨១នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៥៥៤នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០២នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ៩៦សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៨,៧៦៦នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន១៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
