ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អតីតប្រធានាធិបតីបារាំងលោក Valéry Giscard d’Estaing បានទទួលមរណភាពក្នុងវ័យ ៩៤ឆ្នាំ ដោយសារជំងឺកូវីដ១៩

    BY autoadmin December 3, 2020
    អតីតប្រធានាធិបតីបារាំងលោក Valéry Giscard d’Estaing បានទទួលមរណភាពក្នុងវ័យ ៩៤ឆ្នាំ ដោយសារជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា អតីតប្រធានាធិបតីបារាំងលោក Valéry Giscard d’Estaing (វ៉ាឡេរីស ហ្ស៊ីស្កា ដេស្ដង់) ដែលបានដឹកនាំប្រទេសរបស់គាត់ចូលទៅក្នុងយុគសម័យទំនើបថ្មីមួយ និងដើរលើមាគ៌ាគាំទ្រអឺរ៉ុប បានទទួលមរណភាពក្នុងវ័យ ៩៤ឆ្នាំ កាលពីល្ងាចថ្ងៃពុធ ដោយសារជំងឺ COVID-19 ។ ប្រភពដដែលបានបន្តថា លោក Giscard ដែលបានសម្រាកនៅក្នុងមន្ទីរពេទ្យជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយដោយសារបញ្ហាបេះដូង បានទទួលមរណភាពនៅឯផ្ទះគ្រួសាររបស់គាត់នៅតំបន់ Loire នៃប្រទេសបារាំង។

    ក្រុមគ្រួសាររបស់លោក Valéry Giscard d’Estaing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ AFP ថា៖«ស្ថានភាពសុខភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ហើយគាត់បានទទួលមរណភាពដោយសារផលវិបាកនៃជំងឺ COVID-19»។ គាត់បានបង្ហាញខ្លួនជាសាធារណៈចុងក្រោយមួយរបស់គាត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំមុន ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតប្រធានាធិបតីម្នាក់ទៀត គឺលោក Jacques Chirac ដែលមុននោះលោក Jacques Chirac ក៏ធ្លាប់ជានាយករដ្ឋមន្ត្រីនៅក្រោមការដឹកនាំជំនាន់លោក Valéry Giscard d’Estaing ផងដែរ។

    ជម្រាបដែរថាលោក Valéry Giscard d’Estaing បានក្លាយជាប្រធានាធិបតីក្មេងជាងគេបំផុត ដែលមានអាយុត្រឹមតែ ៤៨ឆ្នាំ កាលពីក្នុងឆ្នាំ១៩៧៤ ដោយបានផ្តួលគូប្រជែងមកពីបក្សសង្គមនិយមរបស់គាត់ គឺលោក Francois Mitterrand ដែលក្រោយមកលោក Francois Mitterrand ក៏បានឈ្នះគាត់វិញបន្ទាប់ពី ៧ឆ្នាំ នៃការកាន់អំណាចរបស់លោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: