ដំណឹងបន្ទាន់ ! ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” អាចជាក្រុមវីរុស clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលចូលមកកម្ពុជា ក្នុងអំឡុងខែតុលា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលក្រុមការងារអង្គភាពសារព័ត៌មានយើងទើបនឹងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” និងតាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះ និងតាមការសិក្សាផ្នែកមន្ទីរពិសោធន៍ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ៖

១. ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” អាចជាក្រុមវីរុស clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និង អូស្ត្រាលី ដែលអាចចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
២. តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃវីរុសកូវីដ-១៩ (Sequencing Covid-19 Virus Sample) ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះទេ។
៣. ជំហ៊ានបន្ទាប់ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងនៃវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៕
