គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់បានចំនួន ៩,៧៩៣នាក់
នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែល៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៩៦នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ១,០២៧នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ៧៩សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៩,៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

