គិតត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបក្នុង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទាំងអស់បានចំនួន ១០,៧៧២សំណាក
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅសាង អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៥១នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៦២៥នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០១នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ១០៧សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ១០,៧៧២សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
