ព្រឹកនេះ ក្រសួងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ០២នាក់ទៀត ម្នាក់ធ្លាប់នៅជាមួយអ្នកជំងឺ ដែលជាបុគ្គលិក Pedro ផ្លូវព្រះសីហនុ និងម្នាក់ទៀតជាភ្ញៀវចូលហាង Zendo បឹងកេងកង
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ អ៉ី តារា អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានរីរុសកូវីដ១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្ត្រីរូបនេះជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលក្នុងហាង Zendo បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង២០ និង៣០នាទី (ដោយមិនបានការពារត្រឹមត្រូវ)។ សូមអានព័ត៌មានលំអិតខាងក្រោម៖
