ក្រសួងសុខាភិបាលធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ១១,៣០៥សំណាក ហើយអ្នកវិជ្ជមានក្នុងសហគមន៍សរុប៣២នាក់
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ដែលធ្វើការនៅ Pedro ផ្លូវព្រះសីហនុ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ បានចូលក្នុងហាង Zendo បឹងកេងកង (ដោយមិនបានការពារត្រឹមត្រូវ)។

ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១០៧នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៥២៣នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០២នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ៣៣៨សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ១១,៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕
