មេធាវីផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា មេធាវីផ្ទាល់ខ្លួនរបស់លោកឈ្មោះថា Rudy Giuliani ដែលមានវ័យ ៧៦ឆ្នាំ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ លោក ដូណាល់ ត្រាំ បានបង្ហោះព័ត៌មាននេះកាលពីថ្ងៃអាទិត្យ ហើយថែមទាំងបានជូនពរឱ្យគាត់ឆាប់ជាសះស្បើយពីជំងឺទៀតផង។ យ៉ាងណាលោក Rudy Giuliani នៅមិនទាន់បានធ្វើការអត្ថាធិប្បាយអំពីស្ថានភាពរបស់គាត់ទេ។

អតីតអភិបាលក្រុងញូវយ៉ករូបនេះ កំពុងដើរតួនាទីនាំមុខក្នុងកិច្ចប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ដើម្បីប្រជែងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី។ លោក Giuliani បានធ្វើដំណើរយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីជ្រោមជ្រែងដល់ការអះអាងរបស់លោក ត្រាំ ពីការលួចបន្លំសន្លឹកឆ្នោត។
គាត់ក៏បានចូលរួមក្នុងសវនាការមួយនៅព្រឹទ្ធសភារដ្ឋចចជៀកាលពីសប្តាហ៍មុន ប៉ុន្តែតុលាការបានច្រានចោលបណ្តឹងបោះឆ្នោតជាច្រើនរបស់ក្រុមលោក ដូណាល់ ត្រាំ ដោយលើកឡើងពីកង្វះភស្តុតាង ខណៈលោកប្រធានាធិបតីមិនព្រមឈប់ទៅវិញទេ ដោយមានគោលជំហរនឹងបន្តការប្រយុទ្ធតាមផ្លូវច្បាប់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK