ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មានមនុស្ស៤នាក់ ជាប់ពាក់ព័ន្ធនឹងឈ្មោះ ស្រៀន គីមស្រ៊ុន (វិជ្ជមានកូវីដ) ក្នុងនោះម្នាក់ជាយាយបង្កើត ធ្លាប់មកលេងចៅ
កាលពីព្រឹកមិញនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញ អ្នកវិជ្ជមានថ្មីពីរនាក់ ដែលក្នុងនោះមានបុរសជនជាតិខ្មែរម្នាក់មានឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសរូបនេះជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង ZANDO បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ទាក់ទងនឹងករណីខាងលើ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Freshnews ថា មានមនុស្ស៤នាក់ ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ក្នុងនោះមានម្នាក់ជាយាយបង្កើត និងធ្លាប់រស់នៅជាមួយអ្នកកើតកូវីដ ស្រៀន គឹមស្រ៊ុន។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកទាំង៤ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា រួមមាន៖
១៖ ស្ត្រីចំណាស់ម្នាក់ ជាយាយបង្កើតរបស់លោក ស្រៀន គឹមស្រ៊ុន ដែលជានិស្សិតច្បាប់ ត្រូវបានប្រកាសនៅថ្ងៃទី៨ ខែធ្នូថា ឆ្លងជំងឺកូវីដ១៩
២៖ ក្មេងស្រីម្នាក់ ជាចៅស្រីស្ត្រីចំណាស់ខាងលើ និងជាប្អូនបង្កើតរបស់លោក ស្រៀន គឹមស្រ៊ុន
៣៖ អត់រត់តាក់ស៉ីម្នាក់ បានឌុបស្ត្រីចំណាស់ និងក្មេងស្រីខាងលើ
៤៖ ប្រពន្ធអ្នករត់តាក់ស៉ីខាងលើ។
យាយនិងចៅស្រីចំនួន ២នាក់ បានទៅរាជធានីភ្នំពេញ ដើម្បីទៅលេងចៅឈ្មោះ ស្រៀន គឹមស្រ៊ុន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គឺមុនពេលចៅប្រុសគាត់ ត្រូវបានប្រកាសថា ឆ្លងជំងឺកូវីដ១៩។ ក្រោយពីទទួលបានព័ត៌មាននេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកយាយ និងចៅស្រី មកធ្វើចត្តាឡីសក័ដាក់ក្នុងមន្ទីរពេទ្យខេត្ត ព្រមទាំងបានយកសំណាករបស់គាត់ទាំងពីរនាក់ ទៅពិនិត្យផងដែរ តែលទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ។
ជាមួយគ្នានេះ អ្នករត់តាក់ស៉ីម្នាក់ និងប្រពន្ធគាត់ ក៏ជាប់ពាក់ព័ន្ធករណីសង្ស័យខាងលើដែរ ដោយសារពួកគាត់បានឌុប ស្ត្រីចំណាស់ និងចៅស្រីខាងលើ។ អ្នករត់តាក់ស៉ី និងប្រពន្ធអ្នករត់តាក់ស៉ី ក៏ត្រូវបានយកសំណាកទៅពិនិត្យ និងឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះផងដែរ៕
