ព្រឹកនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មី ២នាក់ទៀតហើយ ម្នាក់ជាករណីនាំចូល និងម្នាក់ទៀតជាអ្នកធ្លាប់ទៅហាង Zando បឹងកេងកង
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង២នាក់នោះមាន បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកដំណើរមកពីប្រទេសជប៉ុន ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩។ ម្នាក់ទៀតជាបុរសជនជាតិខ្មែរឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង ដែលបានរកឃើញអ្នកមានវីរុសកូវីដ១៩ចំនួន០៥នាក់រួចមកហើយ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
