អ្នករើសអេតចាយឃើញវ៉ាលីមួយនៅកន្លែងចាក់សំរាម ក៏បំបែកសោមើល ស្រាប់តែប្រទះបែបនេះក្នុងវ៉ាលីធ្វើឲ្យផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ច
ភ្នំពេញ ៖ រថយន្តដឹកសំរាមទីក្រុងកោះពេជ្រ យកទៅចាក់នៅទីលានចាក់សំរាម តំបន់C ហើយអាប៊ុលក៏ចាប់ផ្ដើមរុញសំរាម រួចអ្នករើសអេតចាយប្រទះឃើញមានវ៉ាលីធំមួយ ពណ៌ខ្មៅ ក៏បានទៅទាញយកមក វ៉ៃសោបំបែកដើម្បីរកមើលឥវ៉ាន់អេតចាយផ្សេងៗ តែបែរជាឃើញសាកសពបុរសជនជាតិចិនម្នាក់ ត្រូវគេច្រកចូលវ៉ាលីទៅវិញ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចគំនរសំរាមស៊ីនទ្រីតំបន់C ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពមានឈ្មោះ MENG WEIEN ភេទប្រុស អាយុ៣៦ឆ្នាំ (ជនជាតិចិន)។

ដំណើររឿងហេតុ ៖កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២០ រថយន្តរបស់ទីក្រុងកោះពេជ្រម៉ាក HYUNDIA ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 3E-4690 បានដឹកសំរាម មកចាក់នៅទីលានចាក់សំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី តំបន់C ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ពេលបំពេញឯកសារសុំចូលចាក់សំរាមរួចរាល់នៅម៉ោង១០:៣០នាទី រថយន្តដឹកសំរាមទីក្រុងកោះពេជ្រ ក៏ចេញទៅចាក់នៅទីតាំងតំបន់C ពេលចាក់រួចអាប៊ុលរបស់ក្រុមហ៊ុនស៊ីនទ្រី ចាប់ផ្តើមរុញសំរាមពេលនេះក៏មានវ៉ាលីធំ១ ពណ៌ខ្មៅពេលនោះឈ្មោះ សោម វណ្ណ: ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបររើសអេតចាយ បានទៅទាញវ៉ាលី និងវ៉ៃសោបំបែកដើម្បីរកមើលអីវ៉ាន់ពេលវ៉ៃបំបែករួច ស្រាប់តែឃើញសាកសពនៅក្នុងវ៉ាលីរួចក៏ស្រែកប្រាប់អ្នកផ្សេងទៀត និងប្រាប់មេការឲ្យរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ។
តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹក ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លទ្ឋផលគឺ ៖
-ស្ថានភាពសពដាក់ក្នុងវ៉ាលីធំមួយ
-មានភួយរុំវ៉ាលីចំនួន០១ ។
-ដែកទម្ងន់១៥គីឡូក្រាមនៅក្នុងវ៉ាលី។
-ខ្សែកចំនួន០១ខ្សែ(ពណ៌ប្រាក់)ពាក់ជាប់កសាកសព។
-សពរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ(វ៉ៃ និងរិតក)។
តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ លោកវិជ្ជ:បណ្ឌិត នង សុវណ្ណរ័ត្ន សពស្លាប់ដោយសារករណីឃាតកម្មពិតប្រាកដមែន ដោយជនសង្ស័យធ្វើសកម្មភាព វ៉ៃ និងរិតកច្រកចូលវ៉ាលី ។
បច្ចុប្បន្នសពតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិ ចំពោះសំណុំរឿងនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការចាប់ខ្លួនឃាតករយកមកចាត់ការតាមច្បាប់៕

