ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩នាក់បន្ថែមទៀត ដោយរួមមានទារកអាយុ ៦ខែ ម្នាក់ផងដែរ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩ ដែលសុទ្ធសឹងតែជាជនបរទេស ដែលមកពី ៧ ប្រទេសផ្សេងគ្នា ហើយក្នុងនោះក៏មានទារកអាយុ ៦ខែ ផងដែរ។ ការឆ្លងថ្មីបានបង្កើនចំនួនឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសថៃដល់ ៤,២៤៦នាក់ ខណៈការស្លាប់នៅតែមាន ៦០នាក់ ដដែល។

យោងតាមមជ្ឈមណ្ឌលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺថ្មីៗទាំង ៩នាក់ គឺមានអ្នកទេសចរ ២នាក់ មកពីប្រទេសស្វីស, ២នាក់ មកពីសហរដ្ឋអាមេរិក, និង ៥នាក់ទៀត មកពីអេត្យូពី រ៉ូម៉ានី ហូឡង់ និងកាតា។ ចំណែកករណីពីចក្រភពអង់គ្លេស គឺជាទារកអាយុ ៦ខែ ម្នាក់នោះ។ ករណី COVID-19 ទូទាំងពិភពលោកបានកើនឡើងចំនួន ៥២៨ ៣០៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនសរុបមានដល់ ៧៣.១៨ លាន ខណៈស្លាប់មាន ១.៦២ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍