ស្នងការខេត្តកណ្ដាល បំភ្លឺករណីក្មេងទំនើង២នាក់ ដែលតែងតែធ្វើសកម្មភាពលួចគប់កញ្ជាក់រថយន្តនៅពេលយប់ ស្រុកកណ្តាលស្ទឹងនាពេលកន្លងមក
ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពលួចគប់កញ្ចក់រថយន្តនៅពេលយប់ក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង នាពេលកន្លងមក កើតហេតុថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទី នៅចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មន្រ្តីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនរងគ្រោះ ០២នាក់៖
១.ឈ្មោះ គីម សុគន្ធ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដេីមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ នគរបាល។
២.ឈ្មោះ សន ជីសី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកុកទិល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ បេីករបររថយន្ត។
ចំណែកជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនចំនួន ០២នាក់៖
១.ឈ្មោះ ខាន់ ភារ៉េត ហៅ រ៉េត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន)
២.ឈ្មោះ អាត ប្រុសពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន)។
វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្ដាល 1AB-7687 (បែកស្តុបផ្នែកខាងក្រោយ)
២.ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង, ម៉ាក Samsung ០១គ្រឿងពណ៌ស, ម៉ាក ណូគា អិនចុចពិល ០២គ្រឿងពណ៌ស
៣.ដុំថ្ម ចំនួន០៤ដុំ។
សម្ភារខូចខាតរថយន្តចំនួន០២គ្រឿង៖
១.ម៉ាក FUSO សណ្តោងរ៉ឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខកណ្ដាល 3A-1879 បែកកញ្ចក់ មុខ០១ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ០២ផ្ទាំង កញ្ចក់ក្រោយ០១ផ្ទាំង។
២.ម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1V-3914 ។

អធិការនគរបាលស្រុកកណ្តាលស្ទឹងបានបន្តឱ្យដឹងថា ៖ នៅថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២០ មុនពេលកេីតហេតុជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលេី បេីកបរដោយឈ្មោះ អាត ប្រុសពេជ្រ និង ឈ្មោះ ខាន់ ភារ៉េត អ្នកជិះពីក្រោយ ចេញពីរង្វង់មូលគួរស្រូវមកផ្ទះរបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ២ ពេលមកដល់ចំណុចផ្លូវកែងផ្សារសៀមរាបចាស់បទចូលផ្លូវលេខ 20B បានឃេីញរថយន្តម៉ាក FUSO សណ្តោងរ៉ឺម៉កពីក្រោយបត់មកគៀរម៉ូតូ របស់ជនសង្ស័យបណ្តាលឱ្យដួល និងបែកស្តុបផ្នែកខាងក្រោយ ពេលនោះជនសង្ស័យទាំងពីរនាក់បានលេីកម៉ូតូជិះដេញរថយន្តនោះពីក្រោយ និងស្រែកឱ្យគេជួយស្ទាក់ចាប់ ស្របពេលនោះលោក គីម សុគន្ធ អធិការរងនៃអធិការដ្ឋាននរគបាលស្រុកកណ្តាលស្ទឹងកំពុងដឹកនាំកម្លាំងល្បាតបានឮប្រជាការពារហៅតាមវិទ្យុទាក់ទង ពេលទទួលបានព័ត៌មាន លោកអធិការរង គីម សុគន្ធ បានបេីករថយន្តរបស់ខ្លួនមកកាក់ពីមុខរថយន្តដែលកំពុងបេីករត់គេចនោះជាប់នៅចំណុចកេីតហេតុ ភ្លាមនោះក្រុមជនសង្ស័យបានឈប់ម៉ូតូពីក្រោយរួចចុះរេីសដុំថ្មគប់មកលេីរថយន្តសណ្តោងរ៉ឺម៉កនោះបណ្ដោយឱ្យបែកកញ្ចក់មុខ០១ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ០២ផ្ទាំង កញ្ចក់ខាងក្រោយ០១ផ្ទាំង និងត្រូវរថយន្តរបស់លោកអធិការរង គីម សុគន្ធ បណ្ដាលឱ្យបែកកញ្ចក់មុខមួយផ្ទាំងទៀត ភ្លាមនោះកម្លាំងសមត្ថកិច្ចនៃអធិការដ្នានបានឃាត់ខ្លួនជនសង្ស័យទាំង០២ រួមជាមួយវត្ថុតាងពាក់ព័ន្ធបញ្ជូនមកកាន់អធិការដ្ឋាន កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន ៕








