បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំ ជិះម៉ូតូរេចង្កូតពេញផ្លូវទៅបុកគូទរថយន្តកំពុងចតស្ងៀម បណ្ដាលឲ្យរងរបួសបង្កការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ៖ បុរសម្នាក់មិនដឹងផឹកស្រាស្រវឹងជោកជាំមកពីណាទេ បានជិះម៉ូតូរេចង្កូតទៅបុកគូទរថយន្តកំពុងចតស្ងៀមនៅចញ្ចើមផ្លូវ បណ្ដាលឲ្យបែកមាត់បាក់ធ្មេញ ហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរប្លូឡាញ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្ដីស្ត្រីម្នាក់ជាម្ចាស់រថយន្តម៉ាក NISSAN NAVARRA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-6575 បានប្រាប់ថា មុនកើតហេតុ រូបគាត់បានបើករថយន្តមកចតលើចញ្ចើមផ្លូវមុខផ្ទះយូរហើយ ក្រោយមកក៏មានបុរសម្នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-1648 ធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនល្មម និងរេចង្កូតពេញផ្លូវតែឯង ហើយក៏ជ្រុលមកបុករថយន្តម៉ាក NAVARA ពេញទំហឹង បណ្ដាលឲ្យបែកស្ទុប រីឯម៉ូតូនិងម្ចាស់ម៉ូតូដួលអូសជាង៥ម៉ែត្រ បែកមុខ និងបាក់ធ្មេញហូរឈាមជោកខ្លួនតែម្ដង។
ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់ពីរទៅបីគ្រឿងបានចុះមកដល់ដែរ តែបុរសរងរគ្រោះខាងលើនេះ មិនព្រមឡើងរថយន្តសង្គ្រោះដើម្បីព្យាបាលរបួសឡើយ រង់ចាំទាក់ទងទៅប្រពន្ធរបស់គាត់ ចុះមកជួយដោះស្រាលឲ្យរូបគាត់។
ចុងបញ្ចប់ប្រពន្ធរបស់ភាគីខាងម៉ូតូចុះមកដល់ហើយ ពិនិត្យឃើញស្ថានភាពជាក់ស្ដែង ក៏ព្រមសងថ្លៃខូចខាតទៅលើភាគីរថយន្តចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿង និងយកប្ដីដែលកំពុងស្រវឹងត្រឡប់ទៅផ្ទះលាងរបួសដោយខ្លួនឯង ៕





ដោយ៖ បងម៉េង ខ្មែរណូត