ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមចោរក្លាហានមហាសែនឈ្លើយ ជិះម៉ូតូចូលឆក់កាបូបលុយពីអ្នកលក់មាន់កំពុងចូលទិញភេសជ្ជៈ បានសម្រេច នៅមុខកម្លាំងល្បាត ហើយជិះគេចខ្លួនបញ្ជ្រាសផ្លូវរួចបត់ឡើងស្ពានស្ទឹងមានជ័យគេចខ្លួនបាត់

    BY Khmernote Media December 18, 2020
    ក្រុមចោរក្លាហានមហាសែនឈ្លើយ ជិះម៉ូតូចូលឆក់កាបូបលុយពីអ្នកលក់មាន់កំពុងចូលទិញភេសជ្ជៈ បានសម្រេច នៅមុខកម្លាំងល្បាត ហើយជិះគេចខ្លួនបញ្ជ្រាសផ្លូវរួចបត់ឡើងស្ពានស្ទឹងមានជ័យគេចខ្លួនបាត់

    រាជធានីភ្នំពេញ៖ ក្រុមចោរក្លាហានមហាសែនឈ្លើយ ជិះម៉ូតូម្នាក់មួយគ្រឿង ចូលធ្វើសកម្មភាព ឆក់កាបូបលុយ ពីអ្នកលក់មាន់ ២នាក់ប្ដីប្រពន្ធ ដែលជិះឌុបគ្នាចូលទិញភេសជ្ជៈបាក៉ាស់តាមផ្លូវបានសម្រេច ហើយជិះបញ្ជ្រាសផ្លូវគេចខ្លួនបាត់ស្រមោល នៅមុខកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកម្នាក់ ដែលឈរជើងប្រចាំការទីនោះស្រឡាំងកាំង ចេញជួយអន្តរាគមន៍ មិនទាន់ កាលពី ម៉ោង០១:៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅមុខកន្លែងលក់ភេសជ្ជៈមួយកន្លែង លើផ្លូវមុនីរ៉េត (ចម្ងាយពីស្ពានអាកាសស្ទឹងមានជ័យ) ប្រហែល៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ក្នុងហេតុការណ៍នេះដែរ ជនរងគ្រោះ មិនបាននិយាយអ្វីច្រើននោះទេ ហើយក៏មិនបានទៅដាក់ពាក្យបណ្ដឹងដែរ គឺនៅកន្លែងកើតហេតុមានសមត្ថកិច្ចនគរបាលទំនប់ទឹកនៅទីនោះស្រាប់ហើយ នៅឡើយតែចោរហ៊ានឆក់ទៀត រួចហើយប្រាប់អ្នកសារព័ត៌មានយើងថា លុយនៅក្នុងកាបូបមានចំនួន ១លាន ៧សែនរៀល និងទូរស័ព្ទ Smart Phone មួយគ្រឿងទៀត រួចក៏នាំគ្នាជិះម៉ូតូបន្តដំណើរទៅមុខទៀតបាត់ ទាំងទឹកមុខអស់សង្ឃឹម។

    ពលរដ្ឋដែលជាអ្នករស់នៅក្បែរកន្លែងកើតហេតុ និងបងប្អូនអ្នកដំណើរឆ្លងកាត់ម្ដុំគល់ស្ពានស្ទឹងមានជ័យ បានប្រាប់ថា នៅម្ដុំគល់ស្ពានស្ទឹងមានជ័យ គឺសម្បូរទៅដោយចោរឆក់ជាញឹកញយ ពួកគាត់ចង់ឲ្យសមត្ថកិច្ចមូលដ្ឋាន៤សង្កាត់ ក្នុងខណ្ឌទាំងបី ដែលជាប់ព្រំប្រទល់គ្នាគឺ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក សហការគ្នាទប់ស្កាត់ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ បង្ក្រាបបទល្មើស ឆក់ទ្រព្យសម្បត្តិអ្នកដំណើរជារឿយៗ ក្នុងមូលដ្ឋានសង្កាត់ទាំង៤ខាងលើនេះផង បើមិនដូច្នោះទេ ពួកគាត់ពិតជាពិបាកធ្វើដំណើរណាស់ ប៉ះថ្ងៃណាស៊យវាមកឆក់ចំគាត់ មិនខានព្រោះគាត់តែងតែធ្វើដំណើរឆ្លងកាត់នោះ ពេលយប់ព្រលប់ ដូច្នេះហើយសូមលោកអធិការ ខណ្ឌ ឬមេបញ្ជាការខណ្ឌ ខណ្ឌមានជ័យ ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង បង្ហាញស្នាដៃក្នុងការទប់ស្កាត់បទល្មើសទាំងនេះដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ អ្នកលក់ដូរ ដែលធ្វើដំណើរទៅផ្សារដើមគរ ប្រកបរបរ រកស៊ីប្រចាំថ្ងៃឲ្យមានសុវត្ថិភាពផង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: