ស្នងការខេត្តកំពង់ស្ពឺ ធ្វើការបំភ្លឺករណី “មានចោរលួចរថយន្ដបែនដឹកដី និងចោទប្រកាន់នគរបាលចរាចរណ៍ថា រំលោភសិទ្ធិពលរដ្ឋយករថយន្ដគេចទៅបាត់”
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណជន សារព័ត៌មាន អ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋាន នគរបាលសណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ បានធ្វើការអនុវត្តន៍ច្បាប់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ៣៤-៣៥ ក្នុងភូមិសាស្ត្រឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

កំឡុងពេលអនុវត្តន៍ច្បាប់ សមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿង ចង្កូតស្តាំ ពាក់ស្លាកលេខ KDL-0361 ដែលមានកំហុសជាក់ស្តែង និងត្រូវពិន័យជាប្រាក់ សរុបទឹកប្រាក់ដែលត្រូវពិន័យចំនួន ២,៩២៥,០០០រៀល។ ប៉ុន្តែភាគីម្ចាស់រថយន្ត មិនបានយល់ព្រមបង់ប្រាក់ពិន័យ ដោយរង់ចាំការអន្ដរាគមន៍ពីថៅកែរថយន្ដ (ខ្នងបង្អែក)។ ចំពោះព័ត៌មានដែលបានបង្ហោះចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មានថា មានចោរលួចរថយន្ដបែនដឹកដី និងចោទប្រកាន់នគរបាល ចរាចរណ៍ថារំលោភសិទ្ធិពលរដ្ឋយករថយន្ដគេចទៅបាត់ រួចជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងគង ដើម្បីជួយស្រាវជ្រាវរករថយន្ដខាងលើ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមបញ្ជាក់ជូនថា ករណីខាងលើមិនពិតដូចការចោទប្រកាន់ និងការបង្ហោះព័ត៌មាននោះទេ ករណីនោះគឺជាសមត្ថកិច្ចរបស់ក្រុមត្រួតពិនិត្យអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋាននគរបាលសណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ ជាអ្នកទទួលខុសត្រូវ។ អាស្រ័យហេតុនេះ សូមសាធារណជនអ្នកសារព័ត៌មាន អ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមមេត្ដាជ្រាបជាព័ត៌មាន ៕



ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ