ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រយ័ត្នឲ្យមែនទែន! ប្រយ័ត្នដោនឡូតចំហ្គេម Cyberpunk 2077 ក្លែងក្លាយ អាចត្រូវគេជំរិតទារប្រាក់បាន

    BY Khmernote Media December 19, 2020
    ប្រយ័ត្នឲ្យមែនទែន! ប្រយ័ត្នដោនឡូតចំហ្គេម Cyberpunk 2077 ក្លែងក្លាយ អាចត្រូវគេជំរិតទារប្រាក់បាន

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ហ្គេម Cyberpunk 2077 របស់ក្រុមហ៊ុន CD Projekt RED គឺជាហ្គេមដែលកំពុងតែមានភាពពេញនិយមខ្លាំងគួរសមដែរនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយមានអ្នកលេងហ្គេមរាប់លានអ្នកបានទាញយកកម្មវិធីនេះ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគដ៏ល្បីមួយនោះ បានរកឃើញគេហទំព័រក្លែងក្លាយដែលមានរូបភាព និងទម្រង់ស្រដៀងនឹង Google Play Store ដែលជនអនាមិកបានប្រើដើម្បីចែកចាយកម្មវិធីហ្គេម Cyberpunk ដោយមានមេរោគអុិនគ្រីបទិន្នន័យដើម្បីជំរិតទារប្រាក់។

    ជាសំណាងល្អ ជនអនាមិកបានប្រើកម្មវិធីជំរិតទារប្រាក់ CoderWare ដើម្បីក្លែងបន្លំជាកម្មវិធីហ្គេមខាងលើសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចធ្វើឱ្យអ្នកស្រាវជ្រាវឃើញនូវលេខកូដដែលគេបានប្រើដើម្បីអុិនគ្រីបទិន្នន័យ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់មានចំណេះដឹងគួរសមដែរនោះ ពួកគេមិនចាំបាច់បង់លុយដើម្បីឌីគ្រីបទិន្នន័យបានមកវិញនោះទេ។

    គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាកន្លងទៅក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន MalwareHunterTeam ក៏បានរកឃើញកម្មវិធីជំរិតទារប្រាក់ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows បន្លំធ្វើជាកម្មវិធី Windows Cyberpunk 2077 ដែលប្រើប្រាស់ប្រភេទមេរោគ BlackKingdom។ ដោយមើលឃើញពីហានិភ័យក្នុងការទាញយកកម្មវិធីដោយមិនបានបង់លុយនោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីផ្សេងៗ ម្យ៉ាងវិញទៀតសូមធ្វើការ backup ទិន្នន័យនៅក្នុងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ ដើម្បីចៀសវាងពីការបាត់បង់ក្នុងករណីដែលមានការវាយប្រហារជំរិតទារប្រាក់ណាមួយនោះកើតឡើង៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    Share This Post: