ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ១២ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin December 19, 2020
    ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ១២ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប្រទេសថៃរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៣៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដោយក្នុងនោះមាន ១២នាក់ ជាករណីក្នុងស្រុក និង ២២នាក់ ស្នាក់នៅកន្លែងដាក់ដោយឡែកដែលរៀបចំដោយរដ្ឋ។ ករណីថ្មីចំនួន ១២នាក់ គឺពាក់ព័ន្ធនឹងស្ត្រីអាយុ ៦៧ឆ្នាំម្នាក់ នៅខេត្ត Samut Sakhon ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 កាលពីម្សិលមិញនេះ បន្ទាប់ពីបង្ហាញរោគសញ្ញានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

    ស្ត្រីរូបនោះជាអ្នកលក់គ្រឿងសមុទ្រក្នុងផ្សារ ហើយក្នុងចំណោមអ្នកឆ្លងក្នុងស្រុកថ្មីៗទាំងនោះ មានអ្នកជំងឺ ៣នាក់ គឺជាសមាជិកគ្រួសាររបស់គាត់, ប្ដីប្រពន្ធជាបុគ្គលិករបស់គាត់ និងផ្សេងៗទៀតគឺជាអ្នកធ្លាប់មកផ្សារ ឬអ្នកនៅជិតនោះ។ CCSA បានបន្ថែមថា ព័ត៌មានអំពីពួកគេមិនទាន់ច្បាស់នៅឡើយទេ ពីព្រោះករណីទាំងនេះគឺថ្មី ហើយមន្ត្រីត្រូវការពេលវេលាដើម្បីស៊ើបអង្កេត។ ចំនួនសរុបនៃករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ ចាប់តាំងពីការផ្ទុះឡើងបានកើនឡើងដល់ ៤ ៣៣១ នាក់ ហើយមាន ២៤៧ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកជំងឺចំនួន ៤ ០២៤ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ ហើយមាន ៦០នាក់ បានស្លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: