បើករថយន្ត Highlander បត់ត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ទៅបុកប៉ះរថយន្តសាំយ៉ុងដឹកអ្នកដំណើរ រងការខូចខាត នៅជិតផ្សារច្បារអំពៅ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរថយន្ត Highlander មួយគ្រឿង បើកបរបត់ត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្ន ទៅបុកប៉ះរថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច តែមិនបណ្ដាលឲ្យមនុស្សរបួសទេ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចនគរបាលចរាចរណ៍គោលដៅក្បែរនោះ ចុះមកជួយសម្រួលចរាចរណ៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកចូលខាងត្បូងផ្សារច្បារអំពៅ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿងម៉ាក ISTANA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-1648 បើកបរដោយបុរសម្នាក់ ដឹកអ្នកដំណើរពេញក្នុងរថយន្ត បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-6762 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើត បើកបត់ត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្ន ទៅជ្រុលទៅបុកប៉ះរថយន្តសាំយ៉ុងដឹកអ្នកដំណើរខាងលើ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច តែមិនបណ្ដាលឲ្យមនុស្សរបួសទេ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចនគរបាលចរាចរណ៍គោលដៅក្បែរនោះ ចុះមកជួយសម្រួលចរាចរណ៍។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយអោយភាគីទាំងសងខាងចរចាគ្នាដោយសន្តិវិធីសិន ព្រោះមិនមានរងរបួសអ្វីធ្ងន់ធ្ងរដល់អាយុជីវិតឡើយ ទើបភាគីទាំងសងខាងធ្វើការចរចាគ្នា ហើយភាគីខាងរថយន្ត Highlander យល់ព្រមសងលុយ៥០ដុល្លារ អោយម្ចាស់រថយន្តសាំយ៉ុង ដើម្បីបញ្ចប់រឿងនៅចំពោះមុខសមត្ថកិច្ចតែម្ដង ៕







ដោយ៖ បងម៉េង ខ្មែរណូត