ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូឌុបបងស្រីទៅផ្ទះ ត្រូវរថយន្តប៉ះកៀរ បណ្ដាលឲ្យដួលបោកនឹងរបាំងថ្ម របួសទាំងពីរនាក់ នៅស្ថានីយបូមទឹក២៧១ ហើយរថយន្តបើករត់បាត់

    BY Khmernote Media December 21, 2020
    ជិះម៉ូតូឌុបបងស្រីទៅផ្ទះ ត្រូវរថយន្តប៉ះកៀរ បណ្ដាលឲ្យដួលបោកនឹងរបាំងថ្ម របួសទាំងពីរនាក់ នៅស្ថានីយបូមទឹក២៧១ ហើយរថយន្តបើករត់បាត់

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តមួយគ្រឿង បើកកៀរម៉ូតូឌ្រីមសង់មួយគ្រឿង ដួលបោកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ រងរបួសមធ្យម ឃើញសភាពមិនស្រួល រថយន្តក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចស្ថានីយ៍បូមទឹកបឹងត្របែក លើកំណាត់ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានប្រាប់រៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ (Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX-3905 បើកបរដោយបុរសម្នាក់ឌុបស្ត្រីម្នាក់ដែលជាបងស្រី បានធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក HILUX VIGO ពណ៌ស្ករ មួយគ្រឿង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរទិសដៅស្របគ្នាតាមផ្លូវ២៧១ បានជ្រុលទៅប៉ះកៀរម៉ូតូខាងលើ បណ្ដាលឲ្យដួលបោកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសមធ្យម ដេកដួលកណ្ដាលផ្លូវទាំងពីរនាក់ ឃើញសភាពមិនស្រួល រថយន្តក៏បន្ថែមល្បឿនបើកចេញពីកន្លែងកើតហេតុ ។

    ប្រភពដដែលបន្តថា ភ្លាមៗនោះគាត់បានដេញជិះម៉ូតូតាមពីក្រោយដែរ ដោយរថយន្តបង្កបានបន្តដំណើរកាន់តែលឿនតាមផ្លូវ២៧១ ទិសដៅឆ្ពោះទៅមន្ទីរពេទ្យរុស្សី រហូតគាត់តាមមិនទាន់តែគាត់ ចាំបានស្លាកលេខដែរ គឺម៉ាក HILUX VIGO ពណ៌ស្ករ ដែលពាក់ស្លាកលេខភ្នំពេញ 2O-7111 ហើយក៏ត្រលប់មកវិញ ដើម្បីប្រាប់ជនរងគ្រោះ និងអ្នកសារព័ត៌មាន រួមទាំងសមត្ថកិច្ចបានដឹងផងដែរ តែគាត់សោកស្ដាយដែលជួយដេញឃាត់មិនបាន ។

    ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ បានចុះមកពិនិត្យមើលកន្លែងកើតហេតុ ដោយជនរងគ្រោះទាំងពីរនាក់ប្រាប់ថា ពួកគេមិនចង់វែងឆ្ងាយ សុខចិត្តយកម៉ូតូដាក់កង់បីដឹកទៅជួសជុល និងទៅលាងរបួសដោយខ្លួនឯងវិញ ដោយមិនប្ដឹងផ្ដល់អ្វីវែងឆ្ងាយឡើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: