ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសរកឃើញ វីរុសកូវីដ១៩ទម្រង់ថ្មី មានសមត្ថភាពឆ្លងលឿនជាងធម្មតា ៧០%

    BY Khmernote Media December 22, 2020
    ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសរកឃើញ វីរុសកូវីដ១៩ទម្រង់ថ្មី មានសមត្ថភាពឆ្លងលឿនជាងធម្មតា ៧០%

    រដ្ឋាភិបាលអង់គ្លេសបានដាក់ចេញនូវការបិទទ្វារទីក្រុងឡុងដ៍ និងផ្នែកផ្សេងទៀតនៃភាគអាគ្នេយ៍ប្រទេសអង់គ្លេស ដោយសារតែជំងឺ COVID-19 ដែលត្រូវបានគេជឿថា កំពុងតែរីករាលដាលនៅទីនោះ។ ការរឹតត្បឹតនេះបានចូលជាធរមាននៅក្នុងតំបន់ទាំងនោះកាលពីថ្ងៃអាទិត្យ ដែលតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះ លើកលែងតែពួកគេមានគោលបំណងជាក់លាក់ ឬលេសសមហេតុផលណាមួយ ខណៈហាងលក់រាយដែលមិនចាំបាច់ក៏ត្រូវតែបិទផងដែរ។

    នេះគឺជាការបិទទ្វារទី៣ នៅក្នុងទីក្រុងឡុងដ៍ចាប់តាំងពីនិទាឃរដូវ ហើយកណ្តាលនៃរាជធានីស្ទើរតែត្រូវបានបោះបង់ចោលនៅថ្ងៃអាទិត្យ ផ្ទុយស្រឡះពីហ្វូងអ្នកទិញឥវ៉ាន់បុណ្យណូអែល ដែលត្រូវបានសម្គាល់ឃើញចេញក្រៅកាលពីប៉ុន្មានថ្ងៃមុន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យ ដើម្បីសុំឱ្យពលរដ្ឋយល់ដឹងអំពីការរឹតត្បិត ដោយគាត់បាននិយាយថា ការផ្ទុះឡើងថ្មីៗនេះថ្មីគឺមិនអាចគ្រប់គ្រងបានទេ។

    រដ្ឋាភិបាលនិយាយថា ជំងឺ COVID-19 ដែលកំពុងរីករាលដាលនេះគឺជាប្រភេទថ្មីមួយ ដែលអាចចម្លងបានលឿនជាងប្រភេទមុន ប៉ុន្តែមិនមានភ័ស្តុតាងណាមួយអះអាងថាវាបង្កឱ្យមានជំងឺធ្ងន់ធ្ងរទេ។ ចំណែកបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក៏កំពុងឆ្លើយតបដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសប្រភេទថ្មីនេះដែរ ដោយប្រទេសហូឡង់បានចាប់ផ្តើមហាមឃាត់អ្នកដំណើរពីអង់គ្លេស ខណៈបារាំងនិងអាឡឺម៉ង់ក៏បានសម្រេចចិត្តប្រកាន់ជំហរប្រហាក់ប្រហែលគ្នា។

    គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស វីរុស COVID-19 ប្រភេទថ្មីមួយ ត្រូវបានរកឃើញថាមានវត្តមាននៅចក្រភពអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាលលឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ប៉ុន្តែមិនត្រូវបានសន្និដ្ឋានថា សាហាវជាងធម្មតានោះឡើយ ហើយវ៉ាក់សាំងគួរតែនៅមានប្រសិទ្ធិភាពប្រឆាំងទប់ទល់ជាមួយវា៕

    Share This Post: