ទ្វីបអង់តាក់ទិកបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៨នាក់ ជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះរាតត្បាតពិភពលោក
អាជ្ញាធរនៃប្រទេសឈីលីបានប្រកាសថា យ៉ាងហោចណាស់មានមនុស្សចំនួន ៥៨នាក់ ដែលស្ថិតនៅមូលដ្ឋានយោធាចំនួន ២ នៅទ្វីបអង់តាក់ទិក ឬនៅលើនាវាកងទ័ពជើងទឹក ដែលបានធ្វើដំណើរទៅកាន់ទ្វីបនេះ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ គួរឱ្យដឹងដែរថានេះគឺជាលើកដំបូងបំផុត ដែលទ្វីបអង់តាក់ទិក មានការរាយការណ៍អំពីករណីជំងឺ COVID-19 នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

កងទ័ពប្រទេសឈីលីនៅថ្ងៃច័ន្ទទី២១ ខែធ្នូ បានប្រកាសថា មានមនុស្សចំនួន ៣៦នាក់ នៅឯមូលដ្ឋានឧត្តមសេនីយ៍ Bernardo O’Higgins Riquelme ទ្វីបអង់តាក់ទិក បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលសម្រាប់តំបន់ Biobio ក្នុងប្រទេសឈីលីក៏បាននិយាយថា មានអ្នកឆ្លងចំនួន ២១នាក់ បន្ថែមទៀតដែលពាក់ព័ន្ធនឹងមនុស្សនៅលើនាវាកងទ័ពជើងទឹក Sergeant Aldea ។
យោងតាមកងទ័ពជើងទឹកបានឱ្យដឹងថាមនុស្ស ៣នាក់ ដំបូងនៅលើនាវា Sergeant Aldea បានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន ហើយសមាជិកនាវិកទាំង ២០៨នាក់ កំពុងត្រូវបានដាក់ឱ្យព្យាបាលដោយឡែកនៅលើនាវានោះ។ យ៉ាងណាក៏ដោយនៅមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីមូលហេតុនៃការឆ្លងនេះទេ ហើយអាជ្ញាធរក៏កំពុងស៊ើបពីករណីបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia