សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្សាយថា ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៧នាក់ទៀត ក្នុងនោះរួមមានម្នាក់ដែលបានឆ្លងដែនខុសច្បាប់ពីកម្ពុជា
យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន បាងកកប៉ុស្ដិ៍ រសៀលថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៦៧ ករណី ដោយក្នុងនោះមាន ៥៨នាក់ ជាករណីក្នុងស្រុក និង ៨នាក់ ជាករណីនាំចូល និងគ្មានការរាយការណ៍អំពីការស្លាប់ទេ។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា ៥៥នាក់ នៃករណីក្នុងស្រុក ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះជំងឺនៅខេត្តសាមុតសាខន ដែលមានមួយទាក់ទងនឹងការឆ្លងនៅខេត្តតាក និង ២នាក់ ផ្សេងទៀត មកពីកន្លែងដែលមានមនុស្សច្រើន។

ករណីក្នុងស្រុកភាគច្រើនជាអ្នកលក់ និងពលករថៃ ដែលមាន ២០នាក់ ជាបុគ្គលិកក្រុមហ៊ុន និងស្ត្រីមេផ្ទះ។ ករណីដាច់ដោយឡែកចំនួន ៨ករណី គឺការមកដល់របស់ប្រទេសជប៉ុន មីយ៉ាន់ម៉ា កាតា អារ៉ាប់រួម និងសហរដ្ឋអាមេរិក។ ចំណែកករណីទី៦៧ ជាអ្នកដែលឆ្លងដែនចូលប្រទេសថៃ ពីកម្ពុជាដោយខុសច្បាប់។ ក្នុងចំណោមករណីសរុបទាំងអស់ ៥ ៨២៩ ករណី មានករណីចំនួន ៤ ១១៦ (៧០.៥%) បានជាសះស្បើយ ដោយក្នុងនោះមាន ២១នាក់ ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយមានអ្នកជំងឺ ១ ៦៥៣ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍