ករណីបុរសម្នាក់ដើរគៀបស៊ីលុយស្រីៗដែលជិះម្នាក់ឯង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា បុរសរូបនោះមានសតិមិនប្រក្រតី
កាលពីពេលថ្មីៗនេះមានការចែករំលែកយ៉ាងច្រើនក្រោយពេលដែលម្ចាស់គណនី Facebook ម្នាក់ឈ្មោះថា ”គីមសាន ក្រូចឆ្មារ” បានបង្ហោះទាក់ទងនឹងបុរសវ័យក្មេងម្នាក់តែងធ្វើសកម្មភាពដើរគៀបស៊ីលុយស្រីៗដែលជិះម្នាក់ឯង ដោយយកលេសថាគេជិះម៉ូតូគៀគាត់។ ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតធ្វើការអញ្ជើញបុរសរូបនោះមកធ្វើការបំភ្លឺ។

យោងតាមការបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃេីញការចុះផ្សាយរបស់គណនីហ្វេសបុកមួយឈ្មោះថា” គីមសាន ក្រូចឆ្មារ “ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារថា “សូមបងប្អូនប្រុងប្រយ័ត្ននៅម្តុំស្តុបកងរាជអាវុធហត្ថទួលគោកមានជនខិលខូចម្នាក់ដេីរគៀបសុីលុយស្រីៗដែលជិះម្នាក់ឯង ដោយយកលេសថាគេជិះម៉ូតូគៀគាត់ “ ភ្លាមៗនោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីចុះធ្វេីការស្រាវជ្រាវជាបន្ទាន់លេីករណីនេះ បន្ទាប់ពីធ្វេីការផ្សព្វផ្សាយ និងស្រាវជ្រាវ សមត្ថកិច្ចបានធ្វេីការកំណត់មុខសញ្ញាដែលមានភិនភាគដូចនៅក្នុងរូបភាពបង្ហោះ និងបានស្គាល់អត្តសញ្ញាណ ពិតប្រាកដថាបុរសម្នាក់នោះឈ្មោះ ឡេង ប៉ោឆាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥០៥E០ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សាដេប៉ូ៣ បានធ្វេីការអញ្ជេីញឈ្មោះ ឡេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាឪពុករបស់ឈ្មោះ ឡេង ប៉ឆាយ ដោយបាននាំឈ្មោះ ឡេង ប៉ឆាយ មកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីធ្វើការសាកសួរ និងបំភ្លឺចំពោះមុខសមត្ថកិច្ចទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ” គីមសាន ក្រូចឆ្មារ” នៅវេលាម៉ោង ១៦:០៥នាទី នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ យោងតាមការបំភ្លឺអះអាងរបស់ឈ្មោះ ឡេង ចិន្តា ដែលជាឪពុករបស់ឈ្មោះ ឡេង ប៉ឆាយ បានបញ្ជាក់ និងអះអាងថា កូនប្រុសរបស់គាត់មានជម្ងឺផ្លូវចិត្ត (សតិមិនប្រក្រតី) តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ហេីយគាត់បានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ដោយបានបើកថ្នាំពីមន្ទីរពេទ្យក្នុង១ខែម្ដង យកមកលេបជាប្រចាំថ្ងៃ ហេីយគាត់ក៏បានបង្ហាញភស្តុតាងជាប័ណ្ណសុខភាពរបស់កូនគាត់ឈ្មោះ ឡេង ប៉ោឆាយ អត្តលេខ ជំងឺ 007-410-600-6 របស់មន្ទីរពេទ្យព្រះកុសុម: ផ្នែកពិគ្រោះជម្ងឺផ្លូវចិត្តទៀតផង ។

ជាមួយនោះដែរក៏មានលិខិតបញ្ចាក់របស់លោកចៅសង្កាត់ផ្សារដេប៉ូទី៣ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើការបញ្ជាក់ថា៖ ឈ្មោះ ឡេង ប៉ោឆាយ ភេទប្រុស សញ្ជាតិខ្មែរ កេីតថ្ងៃ៣០ ខែកញ្ញា ឆ្នាំ១៩៩៣ ស្នាក់នៅផ្ទះលេខ៥០៥E០ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពិតជាជនដែលមានស្មារតីមិនប្រក្រតី ឆេវឆាវគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ឡេឡារនៅមិនស្ងៀម និងឧស្សាហ៍វឹលមុខ ៕



