កាដូថ្ងៃណូអែល ត្រូវជាប់ខ្នោះទាំង២នាក់ ក្រោយឆក់កាបូបយួរដៃពីជនបរទេស តែមិនបានសម្រេច
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បឹងកេងកងទី១ នៃអធិការដ្ឋានខណ្ឌបឹងកេងកង បានឃាត់ជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ មិនបានសម្រេច) ពីជនបរទេស នៅវេលាម៉ោង១៣៖០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខហាងមីកូរ៉េស្តាយចិន ផ្ទះលេខ៣១A ផ្លូវ២៨៨ ក្រុមទី៤០ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យ២នាក់-ទី១.ឈ្មោះ ជុន សុវណ្ណហេង ហៅ អាហិន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ៤៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ ហាក់ វណ្ណឆ័យ ហៅ ឆ័យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវ១៦ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះ (ជាជនបរទេស មិនស្គាល់អត្ដសញ្ញាណ មិនមកដាក់ពាក្យបណ្ដឹង)។
សំភារៈដកហូតរួមមាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដានិច(Nex) ពណ៌ខៀវលាយសរ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាក់លេខ ភ្នំពេញ 1IL-7061 លេខតួF354749 លេខម៉ាស៊ីនAE52-354720 ។ ទូរស័ព្ទម៉ាក iPhone 7 plus ពណ៌ផ្កាឈូក និងទូរស័ព្ទ ១គ្រឿងទៀត ម៉ាក iPhone-x ពណ៌ ស។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត