ថៃរកឃើញអ្នកកើតកូវីដ១៩ ថ្មីចំនួន ១១០នាក់ទៀត ក្នុងនោះមាន ៦៤នាក់ ជាការឆ្លងក្នុងសហគមន៍
ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១១០ ករណី នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ដោយបូករួមទាំងករណីក្នុងស្រុកនៅទីក្រុងបាងកកចំនួន ១៨ករណី និងខេត្ត Phetchaburi ចំនួន ៧ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់ មានអ្នកជំងឺចំនួន ៦៤នាក់ ជាការឆ្លងនៅក្នុងស្រុក ដោយមាន ៣០នាក់ ជាពលករចំណាកស្រុកនៅឯខេត្ត Samut Sakhon និង ១៦នាក់ ជាអ្នកដំណើរចូលមកប្រទេសនេះ ដែលត្រូវបានដាក់នៅកន្លែងដាច់ដោយឡែកដែលរៀបចំឡើងដោយរដ្ឋ។

ក្នុងចំណោមអ្នកឆ្លងក្នុងស្រុកទាំងអស់មាន ៣នាក់ ជាជនជាតិភូមា និងក្រៅពីនោះគឺជាពលរដ្ឋថៃ រកឃើញចេញពី ១៦ ខេត្តទូទាំងប្រទេស។ អ្នកទាំងអស់នេះសុទ្ធតែជាករណីមានទំនាក់ទំនងជាមួយការផ្ទុះឡើងនៅខេត្ត Samut Sakhon ។ ក្នុងចំណោមពលករចំណាកស្រុកទាំង ៣០នាក់ គឺ ៩០% ក្នុងចំណោមពួកគេមិនបានចេញរោគសញ្ញានោះទេ។ គិតមកទល់ពេលនេះប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ៦,០២០ ករណី ដោយមានអ្នកជំងឺ ៤,១៥២នាក់ បានជាសះស្បើយ និងការស្លាប់មាន ៦០នាក់ ដដែល៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍