ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការវះកាត់អ្នកជំងឺកំពុងធ្វើចត្តាឡីស័កមា្នក់ទើបមកពីប្រទេសកូរ៉េ បានដោយជោគជ័យ និងសុវត្ថិភាព
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការវះកាត់លើអ្នកជំងឺកំពុងធ្វើចត្តាឡីស័កមា្នក់ទើបត្រលប់មកពីប្រទេសកូរ៉េ ដែលមានអាប់សែខ្នែងពោះ (Abcés appendiculaire) ដោយជោគជ័យ និងសុវត្ថិភាព។

ដោយអ្នកជំងឺកំពុងស្ថិតនៅក្នុងពេលចត្តាឡីស័ក ដូចនេះដើម្បីបង្ការ និងការពារការឆ្លងវីរុសកូវីដ-១៩ ក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការរៀបចំបន្ទប់ និងសម្ភារបរិក្ខារសម្រាប់វះកាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីការពារសុវត្ថិភាពក្រុមគ្រូពេទ្យវះកាត់ត្រូវស្លៀកសំលៀកបំពាក់វះកាត់ផង និងសំលៀកបំពាក់ការពារវីរុសកូវីដ-១៩ ផងដែរ។ ក្រោយពីធ្វើការវះកាត់អស់រយៈពេលហែល ១ម៉ោង យើងបានទទួលជោគជ័យជាស្ថាពរ ដោយសុវត្ថិភាពទាំងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។ តាងនាមឲ្យថ្នាក់ដឹកនាំនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ សូមអរគុណ ៕
