បង្ក្រាបក្រុមជនជាតិចិន-វៀតណាម ប្រុសស្រី៤នាក់ រកស៉ីខុសច្បាប់យ៉ាងសកម្ម ដកហូតបានសារធាតុទាំងនេះជាង១គីឡូក្រាម
ខេត្តកណ្តាល ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្រមសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងមានការចុះដឹកនាំអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ទូច អ៉ីណាន មេបញ្ជាការរងទទួលការងារស្រាវជ្រាវបង្ក្រាបបទល្មើស នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២១B មុខដេប៉ូលក់ប្រេង ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមមន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថខេត្តកណ្តាលបានថ្លែងប្រាប់ក្រុមការងារខ្មែរណូតពីដំណើររឿងក្នុងការស្រាវជ្រាវនិងបង្ក្រាបក្រុមរកស៉ីជួញដូរគ្រឿងញៀនយ៉ាងសកម្មនេះថា ៖ នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងតាខ្មៅ ចុះធ្វើការពួនស្ទាក់ក្នុងភូមិសាស្ត្រ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ឈ្មោះ KEICHEING ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈពេលកំពុងឈប់ម៉ូតូរង់ចាំអ្នកទិញគ្រឿងញៀន ពេលនោះកម្លាំងយើងបានហៅសួរនាំ និងត្រួតពិនិត្យរកឃើញ ក្រាមសថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់មធ្យម, ម្សៅសថ្លា សង្សយ័ជាសារធាតុញៀន (ម្សៅខេ) ចំនួន០៧កញ្ចប់, ដកហូតម៉ូតូ០១គ្រឿង ម៉ាក AirBlack ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ទូរសព្ទ័ដៃចំនួន ០២គ្រឿង ប្រាក់រៀលចំនួន ២៣,២០០រៀល និងប្រាក់ដុល្លាចំនួន ៣០ដុល្លារ ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័ខាងលើបានសារភាពថា ខ្លួនបានទិញគ្រឿងញៀននេះ ពីជនជាតិចិនម្នាក់ នៅរាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត។ បន្ទាប់ពីធ្វើការសាកសួររួច នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយតំណាងអយ្យកាសម្របសម្រួលនីតិវីធី សហការជាមួយអយ្យការរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ផ្ទះដែលជនសង្ស័យជួលស្នាក់នៅ ស្ថិតនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្សយ័ ចំនួន៣នាក់ និងថ្នាំញៀនមួយចំនួនធំបន្ថែមទៀត ។
ជនសង្ស័យដែលឃាត់ខ្លួនបន្ត ទី១.ឈ្មោះ JiNYUAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួញដូរគ្រឿងញៀន។ ទី២.ឈ្មោះ CHANGFA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរជួញដូរគ្រឿងញៀន។ និងទី៣.ឈ្មោះ យៀបអាន់ហ្វឿង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការឆែកឆេររកឃើញថ្នាំញៀន និងដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖ ម្សៅក្រាមសថ្លា សង្សយ័សារធាតុញៀន ចំនួន ១៣កញ្ចប់ធំ និង ០៨កញ្ចប់មធ្យម មានទម្ងន់ ១១៦៩.៣ក្រាម, ថ្នាំគ្រវីចំនួន ០២គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង, រថយន្ត ០១គ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ស្លាកលេខ2BH, សម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួនធំ, សំបកការទូសកាំភ្លើងបាញ់រួចចំនួន ០១ (វ៉ាងឌឺឡុង), ទូរសព្ទ័ដៃចំនួន ០៣គ្រឿង និងឯកសារពាក់ពន្ធ័មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ JINYUAN បានសារភាពថា ខ្លួនបានទិញសារធាតុញៀនខុសច្បាប់ ពីឈ្មោះ ផាំង និងអា ឡុង ជនជាតិម៉ាឡេស៊ី ដែលស្នាក់នៅស្តាយឡាញ SKY LINE អាគារA ជាន់ទី២៧ បន្ទប់លេខ២៧០១ ។
ទើបនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក លាវ ស្រេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានដឹកនាំសម្របសម្រួល កម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថ បានបន្តចុះឆែកឆេរបន្ទប់ខាងលើ នៅចំណុច SKY LINE ផ្លូវ១៣៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយរកឃើញនិងចាប់យកវត្ថុតាងរួមមាន ៖ សារធាតុផ្សំប្រភេទម៉្សៅ និងជេលមួយកញ្ចប់ ទម្ងន់ ១៣៨៩.៦g, សារធាតុប្រភេទទឹក(ដប) និងថ្នាំអំពូលមួយកញ្ចប់ ទម្ងន់ ១៤៤៤.២g, សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយកញ្ចប់ ទម្ងន់ ៦៤៥.៥g, ថ្នាំពណ៌ស្វាយ ចំនួន១កញ្ចប់ ទម្ងន់ ២០.៨g, ស៊ឺមកាតទូរស័ព្ទ កាតធនាគា និងនាមបណ្ណជាភាសាបរទេសមួយចំនួន, សម្ភារៈបម្រើសម្រាប់ការផលិតនិងថង់សម្រាប់ច្រកថ្នាំញៀនមានទម្ងន់ ៦៧g, សៀវភៅកត់ត្រារូបមន្តធាតុផ្សំសារធាតុញៀនមួយក្បាល, រថយន្តមួយគ្រឿង ម៉ាក RANGE ROVER VOGUE ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ និងឯកសារពាក់ពន្ធ័, រួមទាំងឯកសារផ្សេងៗទៀតមួយចំនួន ។
បច្ចុប្បន្នជំនាញកំពុងបន្តស្រាវជ្រាវតាមរុករកជនសង្ស័យពាក់ព័ន្ធផ្សេងទៀត ឯជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងខាងលើ ត្រូវបានជំនាញកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត