ចិនផឹកស្រវឹងបើករថយន្ត PRIUS ចូលគន្លងម្ខាងទៀត បុករថយន្តគេហើយ រករឿងគេឯង ស្រែកឡូឡាពេញផ្លូវទៀត
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តតូទៅ TOYOTA PRIUS មួយគ្រឿង មិនប្រកាន់ស្ដាំ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចកើតជាជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវ រកបង្កហិង្សា ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ជិតផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ត TOYOTA PRIUS ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AV-4458 បានធ្វើដំណើរទៅដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើ មិនប្រកាន់ស្ដាំ ចូលទៅកន្លងផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុកចំពីមុខរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-1032 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ ខណៈនោះគេឃើញបុរសជនជាតិចិន បានចុះពីលើរថយន្តឡាំប៉ាស្រែកឡូឡារកបង្កហិង្សាទៅលើខាងភាគីរថយន្តហ៊ីយ៉ាន់ដាយបន្ថែមទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនបុរសជនជាតិចិនយកទៅធ្វើការវាស់ជាតិស្រវឹង ចំណែករថយន្តទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត