ម្តាយស្រែកយំស្ទើរខ្សោះខ្លួន ដោយសារតែប្រហែសមួយពេល ធ្វើឲ្យបាត់បង់កូនតូចជាទីស្រលាញ់
ភ្នំពេញ ៖ នេះជាវិប្បដិសារីមួយ ដែលធ្វើឲ្យម្ដាយយំបោកខ្លួន ព្រោះកូនស្រីអាយុទើបតែមួយខួបដាំដូងចូលធុងទឹកស្លាប់ បន្ទាប់ពីម្ដាយទុកកូនឲ្យលេងជាមួយក្មេងៗផ្សេងទៀតក្នុងបន្ទប់ លុះក្មេងផ្សេងទាំងនោះទៅអស់ ប្រហែសមិនចាប់អារម្មណ៍កូនឡើយ តែពេលនឹកឃើញក៏យឺតពេលទៅហើយ មិនអស់ចិត្តថាកូនស្លាប់ក៏បាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា កូនស្លាប់ហើយ។ ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ក្នងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា ក្មេងស្រីដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ វ៉ៅ ស្រីនីត អាយុ១ខួប(ឆ្នាំ) មានម្ដាយឈ្មោះ ណុប គន្ធា ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ ។

ស្ត្រីជាម្ដាយបានទ្រហោយំរៀបរាប់ប្រាប់សមត្ថកិច្ចដូច្នេះថា នៅមុនពេលកើតហេតុ ខណ:ដែលស្រ្តីជាម្ដាយជារវល់នៅមុខបន្ទប់ជួល ដោយទុកក្មេងស្រីរងគ្រោះ បានលេងជាមួយក្មេងៗផ្សេងទៀតនៅក្នុងបន្ទប់ ក្រោយមកក្មេងៗដែលលេងជាមួយបាននាំគ្នាទៅផ្ទះវិញអស់ នៅសល់តែក្មេងស្រីរងគ្រោះលេងម្នាក់ឯង ។
ប្រភពដែលបានបន្តឲ្យដឹងទៀតថា នៅខណ:ពេលដែលក្មេងៗលេងជាមួយកូនទៅផ្ទះអស់ ស្រ្តីជាម្ដាយភ្លេចខ្លួនពុំបានចាប់អារម្មណ៍មើលកូនឡើយ លុះក្រោយមកទើបនឹកឃើញកូន និងបានតាមរកកូន ហើយបានប្រទះឃើញនៅក្នុងធុងទឹក ដោយជើងឡើងលើក្បាលដាំដូងចុះក្រោម និងឈក់ទឹកស្លាប់បាត់ទៅហើយ ដែលទឹកនោះមានជម្រៅត្រឹមតែប្រមាណ២ទៅ៣តឹកប៉ុណ្ណោះ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះដោយមិនអស់ចិត្តថាកូនស្លាប់ក៏បាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា កូនស្លាប់ហើយទើបដឹកកូនត្រឡប់ទៅផ្ទះវិញនិងរាយការណ៍ជូននគរបាលមូលដ្ឋានឲ្យចុះទៅពិនិត្យមើលតែម្ដង៕


ដោយ៖ បងម៉េង ខ្មែរណូត