ករណីជំងឺកូវីដ១៩ នៅទូទាំងចក្រភពអង់គ្លេស បានកើនឡើងដល់ ៤០,០០០នាក់ ជាលើកដំបូងបំផុត
ករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងចក្រភពអង់គ្លេស បានកើនឡើងដល់ ៤០,០០០ នាក់ ជាលើកដំបូងនៅថ្ងៃច័ន្ទនេះ ខណៈដែលមេរោគប្រភេទថ្មីបានឆ្លងរាលដាលពាសពេញប្រទេស។ កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលបានពង្រីកការរឹតបន្តឹងលើតំបន់ដែលមានការឆ្លងខ្លាំង ដែលដំបូងត្រូវបានបង្កើតឡើងសម្រាប់ទីក្រុងឡុងដ៍ និងភាគច្រើននៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសតាំងពីថ្ងៃទី២០ ខែធ្នូ។

នៅថ្ងៃច័ន្ទនេះមានករណីចំនួន ៤១,៣៨៥ នៅទូទាំងចក្រភពអង់គ្លេស ខណៈដែលមានករណី ៣៦,៥១១ នាក់ ត្រូវបានបញ្ជាក់នៅអង់គ្លេសតែមួយ ដែលស្មើនឹង ៨៤% នៃចំនួនអ្នកឆ្លងសរុប។ ការិយាល័យស្ថិតិជាតិនិយាយថា ការឆ្លងបានរីករាលដាលយ៉ាងឆាប់រហ័សនៅភាគអាគ្នេយ៍ មានចាប់តាំងពីពាក់កណ្តាលខែធ្នូ។ រដ្ឋាភិបាលជឿជាក់ថា មេរោគប្រភេទថ្មីគឺឆ្លងច្រើនជាងប្រភេទដើម ប៉ុន្តែក៏និយាយដែរថា មិនមានភ័ស្តុតាងណាមួយបង្ហាញថាវាធ្វើឱ្យមនុស្សឈឺធ្ងន់ធ្ងរ ឬចុះខ្សោយប្រសិទ្ធភាពនៃវ៉ាក់សាំងនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK