ថៃរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ១៥៥នាក់ដោយក្នុងនោះមាន ១៣៤នាក់ ជាករណីក្នុងសហគមន៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៥៥ ករណី ដោយក្នុងនោះមានការឆ្លងក្នុងសហគមន៍ចំនួន ១៣៤ករណី, ជនចំណាកស្រុកចំនួន ១១ករណី និងអ្នកដំណើរចូលមកដល់ប្រទេសថៃចំនួន ១០ករណី។ ករណីថ្មីៗទាំងអស់នាំឱ្យប្រទេសថៃមានករណី COVID-19 សរុបចំនួន ៦,៤៤០ ករណី និងចំនួនអ្នកស្លាប់មានដល់ ៦១នាក់។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការនាំចូលទាំង ១០ករណី គឺជាការមកដល់ពីប្រទេសអាល្លឺម៉ង់ វៀតណាម ឥណ្ឌា ស៊ុយអែត សហរដ្ឋអាមេរិក តួកគី និងបារ៉ែន។ ក្នុងចំណោមករណីថ្មីដទៃទៀត មានករណីចំនួន ១២ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរីករាលដាលនៅផ្សារបង្កង ខេត្តសាមុតសាខន និងករណីថ្មី ២ ទៀត ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមល្បែងស៊ីសងក្នុងខេត្តរ៉ាក់យ៉ង។ មានករណីចំនួន ១២ ត្រូវបានផ្សារភ្ជាប់ជាមួយអ្នកជំងឺពីមុនៗ និងមាន ១០០ ករណី ផ្សេងទៀត គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍