ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នករកស៊ីជួលរថយន្ត និងទិញរថយន្តសូមប្រយ័ត្ន! មានករណីជនប្រើល្បិចជួលរថយន្តយកទៅជិះ ហើយធ្វើកាតគ្រីក្លែងក្លាយ រួចយករថយន្តទៅលក់បាត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់

    BY Khmernote Media December 29, 2020
    អ្នករកស៊ីជួលរថយន្ត និងទិញរថយន្តសូមប្រយ័ត្ន! មានករណីជនប្រើល្បិចជួលរថយន្តយកទៅជិះ ហើយធ្វើកាតគ្រីក្លែងក្លាយ រួចយករថយន្តទៅលក់បាត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់

    រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌប្ញស្សីកែវ នគរបាលខណ្ឌជ្រោយចង្វារ នគរបាលខេត្តបាត់ដំបង និងនគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៥នាក់ ដែលធ្វើសកម្មភាពឃុបឃិតគ្នា ក្លែងបន្លំឯកសារសារធារណៈខុសច្បាប់ ដោយយករថយន្តជួលជិះ ចំនួន០៣គ្រឿង ទៅធ្វើប័ណ្ណសម្គាល់រថយន្ត(កាតគ្រី) ក្លែងក្លាយយកទៅលក់ឱ្យអ្នកដទៃ ។

    កម្លាំងនគរបាលបង្រ្កាបជនសង្ស័យទាំង៥នាក់បានធ្វើឡើងចំណាយពេល៣ថ្ងៃ នៅថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ដែលបានទៅចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅភ្នំពេញរហូតដល់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្រោយពីកម្លាំងនគរបាលការិ យាល័យព្រហ្មកម្រិតស្រាល រាជធានីភ្នំពេញ ទទួលពាក្យបណ្តឹងពីជនរងគ្រោះ(ម្ចាស់រថយន្តនិងអ្នកទទួលទិញរថយន្ត)។

    ជនសង្ស័យទាំង៥នាក់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កសាងសំណុំរឿងនិងវត្ថុតាងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ចំនួន០៣បទល្មើស គឺបទឆបោក, រំលោភទំនុកចិត្ត និងក្លែងឯកសាធារណៈខុសច្បាប់។

    លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរ បាលព្រហ្មកម្រិតស្រាលរាជធានីភ្នំពេញ ប្រាប់ឱ្យក្រុមការងារខ្មែរណូតដឹងថា ៖ ការបង្រ្កាបជនសង្ស័យទាំង៥នាក់គឺអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីប្រជាពលរដ្ឋរងគ្រោះម្ចាស់រថយន្ត និងអ្នកទិញរថយន្តប្តឹងរាយការណ៍ករណីចាញ់បោកក្រុមជនសង្ស័យទាំងនេះ ឃុបឃិតគ្នាធ្វើប័ណ្ណសម្គាល់រថយន្ត(កាតគ្រី)ក្លែងក្លាយយករថយន្តដែលជួលទៅលក់បាត់បណ្តាលបាត់បង់គិតជាទឹកប្រាក់ច្រើនម៉ឺនដុល្លារ។

    លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថាជនសង្ស័យទាំង០៥នាក់មាន ទី១,រឿន ចាន់រី ភេទប្រុស អាយុ៣៣ឆ្នាំ ប្រកបមុខរបរកសិករ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំប។២,ខុន រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ ប្រកបមុខរបររត់ម៉ូតូកង់៣ ស្នាក់នៅផ្ទះជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។៣,រឿន តិន ហៅតាំ ភេទប្រុស អាយុ៣៧ឆ្នាំ ភេទប្រុស អាយុ៣៧ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៤,រ៉ាន់ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅផ្ទះជួល សង្កាត់ដូនទាវ ក្រុងបាត់ដំបងនិង៥, ហង្ស សីភៀង ហៅពាង ភេទប្រុស អាយុ២៧ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

    ជាមួយចាប់ខ្លួនជនសង្ស័យដកហូតវត្ថុតាងរួមមានៈរថយន្តម៉ាក តូយ៉ូតា ឡិចស៊ីស ៣៣០ ពណ៌ខ្មៅ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ ២J-៦០៦៧ ចំនួន០១គ្រឿង ។ រថយន្តម៉ាក តូយ៉ូតា ឡិចស៊ីស៣៣០ពណ៌ទឹកមាស សេរី២០០៤ ពាក់ស្លាកលេខភ្នំពេញ២BH ៩៨៣៧ ,ប័ណ្ណសំគាល់រថយន្តក្លែងក្លាយ ០៧សន្លឹក,ស្លាកលេខរថយន្ត០៣បន្ទះ និងលិខិតកិច្ចសន្យាជួលនិងលក់រថយន្តមួយចំនួនទៀតផងដែរ។

    លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញឱ្យដឹងទៀតថាជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆបោកនិងរំលោភទំនុកចិត្តនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០។ករណីទី១,ទៅលើជនរងគ្រោះឈ្មោះ សេក សុភាស់ ភេទប្រុស អាយុ៤០ឆ្នាំ ប្រកបមុខរបរលក់រថយន្ត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPPTផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ០១ ខណ្ឌប្ញស្សីកែវ អស់ប្រាក់ចំនួន៧,៦៥០ដុល្លារ។ ករណីទី២,រំលោភលើទំនុកចិត្តយករថយន្តម៉ាកឡិចស៊ីស ៣៣០ ពណ៌ស សេរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ២AOឫ-០៣២៦ ធ្វើឯកសារប័ណ្ណសម្គាល់រថយន្តក្លែងក្លាយ ហើយយករថយន្តនោះទៅលក់បាត់ ស្ថិតនៅចំណុចភោជនីយដ្ឋានមីហឺផ្លូវជាតិលេខ ៥សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។

    ជនរងគ្រោះមានឈ្មោះ ជឿង ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ករណីទី៣,រំលោភលើកទំនុកចិត្តយករថយន្តរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ ២BJ-១២៦៥ ធ្វើប័ណ្ណសម្គាល់រថយន្តក្លែងក្លាយយកទៅលក់បាត់ប្រព្រឹត្តនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ជនរងគ្រោះឈ្មោះ វ៉ាត សុវណ្ណារី ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨៩ ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ,ករណីទី៤,រំលោភលើទំនុកចិត្តយករថយន្តម៉ាកធុនត្រា ពណ៌ស សេរីឆ្នាំ ២០០៧ពាក់ស្លាកលេខភ្នំពេញ២BC ៩៧៧១ ប្រព្រឹត្តនៅចំណុចជិតរោងចក្រអគ្គីនីផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។ ជនរងគ្រោះមានឈ្មោះ ឯក ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    បច្ចុប្បកម្លាំងនគរបាលរាជធានីភ្នំពេញបន្តស្រាវជ្រាវរកបក្ខពួកជាប់ព័ន្ធនិងជនសង្ស័យ ដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

    កែសម្រួលដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: