ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រហើនមែន! ចិនបើករថយន្តបុករថយន្តគេពីក្រោយ ហើយថយក្រោយ បើកទៅបំបុកបន្ថែមទៀត រួចបើកគេចខ្លួន តែត្រូវនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនបាន

    BY Khmernote Media December 31, 2020
    ព្រហើនមែន! ចិនបើករថយន្តបុករថយន្តគេពីក្រោយ ហើយថយក្រោយ បើកទៅបំបុកបន្ថែមទៀត រួចបើកគេចខ្លួន តែត្រូវនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនបាន

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង ស្ទាក់ឃាត់រថយន្ត Starex មួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ យកទៅចាត់វាស់ជាតិអាកុលភ្លាមៗ បន្ទាប់ពីបើករថយន្តក្រោមឥទ្ធិពលគ្រឿងស្រវឹង ទៅបុកពីក្រោយរថយន្ត TUNDRA ពីក្រោយខូចខាតហើយថែមទាំងបើកបំបុកបន្ថែមទៀត ហើយព្យាយាមបើករត់គេចខ្លួនមិនរួច ។ ហេតុការណ៍នេះកើតឡើងកាលពីរំលងអាធ្រាត្រថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវលេខ៣២០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកធុនត្រា (THUNDRA) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BA-9378 បើកបរដោយស្ត្រីម្នាក់ និងនារីម្នាក់ទៀតជាអ្នករួមដំណើរ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣២០ បានមកឈប់អែបខាងឆ្វេងដៃ មុខផ្ទះមួយកន្លែងត្រង់ចំណុចកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយស្តារិច (Hyundai Starex) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-0169 បើកបរដោយបុរសជនជាតិចិនម្នាក់ និងបុរសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណជាអ្នករួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានមកបុកចំពីក្រោយរថយន្តធុនត្រាខាងលើ បណ្ដាលឱ្យខូចខាតការកាងក្រោយខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ ។

    សាក្សីបន្តទៀតថា ភ្លាមៗនោះបុរសជនជាតិចិនដែលបើកបររថយន្តខាងលើ ក្រោមឥទ្ធិពលគ្រឿងស្រវឹងផងនោះ មិនបានចុះដោះស្រាយជាមួយរថយន្តធុនត្រាឡើយ ដោយបើករថយន្តដដែលថយក្រោយ រួចព្យាយាមបើកបំបុករថយន្តធុនដ្រាម្ដងហើយម្ដងទៀត បណ្ដាលឱ្យខូចខាតទ្វារចំហៀងខាងស្ដាំយ៉ាងដំណំ ចំណែករថយន្តបង្ក បានធ្លាក់កាងខាងមុខនៅកន្លែងកើតហេតុហើយ ទើបបើករថយន្តគេចចេញពីកន្លែងកើតហេតុ ដោយបត់ឆ្វេងឡើងមកផ្លូវ១០៥ រួចបត់ឆ្វេងទៀតឡើងមកផ្លូវ៣២០ទៀត តែត្រូវបានម្ចាស់រថយន្តរាតការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងកេងកងទី៣ និងមានបងប្អូនប្រជាពលរដ្ឋជាអ្នកឃើញហេតុការណ៍ដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ នៅចំណុចផ្ទះមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៣០ ខាងកើតផ្លួវ១០៥ ក្នុងមូលដ្ឋានកើតហេតុដដែល ហើយសមត្ថកិច្ចមូលដ្ឋាន រាយប្រាប់ផ្នែកវាស់វែងចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះមកពិនិត្យមើល និងអោយភាគីទាំងសងខាងសម្របសម្រួលគ្នាផងដែរ។

    មូលហេតុរថយន្តបើកបរ ក្នុងស្ថានភាពស្រវឹង លឿនខ្ជីខ្ជាធ្វេសប្រហែសមិនប្រុងប្រយ័ត្ន និងអ្នកបើករថយន្តគេចខ្លួន ។

    ក្រោយកើតហេតុ ដោយភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវទេ ទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេងកទី៣ សហការជាមួយផ្នែកវាស់វែងខណ្ឌ បាននាំយកមធ្យោបាយទាំងពីរគ្រឿង រួមទាំងជនជាតិចិដែលបើកបររថយន្តបង្ក ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីវាស់ជាតិអាកុល ធ្វើការបង់ផាកពិន័យតាមផ្លូវច្បាប់ចរាចរណ៍ជើងគោកថ្មី និងរងចាំដោះស្រាយគ្នាផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: